ក្រសួងដែនដី៖ បន្តិចទៀត ការកាត់ឈ្មោះទិញលក់អចលនទ្រព្យនៅកម្ពុជា នឹងធ្វើតាមប្រព័ន្ធឌីជីថល ប្រើពេលតែ២ម៉ោង

ក្នុងរវាង៥ឆ្នាំខាងមុខ ដោយសារបទពិសោធន៍របស់មន្ត្រីជំនាញនិងការរីកចម្រើននៃបច្ចេកវិទ្យា នឹងជំរុញឱ្យនិតិវិធីនៃការកាត់ឈ្មោះឬការផ្ទេរកម្មសិទ្ធិទិញលក់អចលនទ្រព្យនៅកម្ពុជា អាចនឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលដោយប្រើពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសំណង់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងធុរកិច្ចសំណង់ ដែលបានរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារអូឡាំពិក។ ​

យោងតាម លោកឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមអ្នកសាងសង់កម្ពុជា ក៏បានលើឡើងដែរថា សិក្ខាសាលានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្វែងយល់លម្អិតបន្ថែមឱ្យបានច្បាស់អំពីច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធសំណង់ថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញឱ្យអនុវត្ត ។

ក្នុងឱកាសនោះ លោកឧកញ៉ាបានមានប្រសាសន៍ថា “ការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបែបនេះ ទាមទារនូវស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិយ៉ាងទូលំទូលាយ ជាមូលដ្ឋានបច្ចេកទេសសម្រាប់ការសាងសង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើននៃវិស័យសំណង់”

នាឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធិ បានបន្ថែមថា បច្ចុប្បន្នវិស័យសំណង់និងការងារគ្រប់គ្រងដីធ្លីនៅប្រទេសកម្ពុជា កំពុងមានការលូតលាស់ខ្លាំងមិនមែននៅតែក្នុងទីក្រុង ឬក្នុងរាជធានីប៉ុណ្ណោះទេ នៅតាមតំបន់ជនបទក៏មានការរីកចម្រើនទៅតាមស្ថានភាពនៃតំបន់ដែរ។ ដូច្នេះក្រសួងកំពុងផ្តោតអាទិភាពលើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានសព្វគ្រប់ក្នុងរវាងរយៈពេលពីរឆ្នាំនេះ។
“កន្លងមកក្នុងអាណត្តិមុនៗ យើងបានផ្លែន (គ្រោងទុក)ថា ក្បាលដីដែលត្រូវចុះបញ្ជីក្នុងប្រទេសកម្ពុជាយើង មាន៧លានក្បាលដី។ ប៉ុន្តែយើងចុះអនុវត្តប្រហែល ១០ ទៅ១៥ឆ្នាំកន្លងមកនេះ ក្បាលដីមានការកើនឡើង។ តាមការប៉ាន់ស្មាន ប្រហែលនៅសល់ ៥ លានក្បាលដីទៀត។” ​ ប្រសាសន៍ឯកឧត្តមរដ្ឋលេខាធិការ។

សម្រាប់ការងារអាទិភាពនិងទិសដៅនៃវិស័យគ្រប់គ្រងដែនដីនេះ ឯកឧត្តមបានបញ្ជាក់ថា ដោយសារបច្ចុប្បន្នកម្ពុជាមានមន្ត្រីជំនាញដែលមានបទពិសោធន៍ច្រើននិងដោយសារភាពទំនើបនៃបច្ចេកវិទ្យាក៏កាន់តែរីកចម្រើន ការងារចុះបញ្ជីដីធ្លី គឺមានសន្ទុះលឿនជាងមុននិងមានប្រសិទ្ធភាពជាងមុន។

“អ៊ីចឹងយើងគិតថា អាច៥លាន (ក្បាលដីដែលត្រូវចុះបញ្ជីនេះ) យើងមិនប្រើពេល១០ឆ្នាំទៀតទេ។ យើងគិតថាប្រើពេលត្រឹមតែពីរឆ្នាំ នឹងអាចបញ្ចប់ការចុះបញ្ជីដំបូងបង្អស់នៅទូទាំងប្រទេសហើយ។ បន្ទាប់ពីនោះយើងនឹងទុកពេលវេលាប្រហែល ១ឆ្នាំ ឬ២ឆ្នាំ សម្រាប់ដោះស្រាយវិវាទ នឹងសម្អាតក្បាលដីខ្លះ ដែលនៅខ្វះចន្លោះនៅតាមភូមិ ដែលត្រូវបំពេញបន្ថែម។”

ឯកឧត្តមបន្ថែម៖ “…ចប់អាណត្តិទី០៧នេះយើងជឿជាក់ថា យើងធ្វើបាន ការចុះបញ្ជីដីទូទាំងប្រទេស បញ្ចប់វិវាទ ហើយនឹងផ្តល់សេវាគាប់ចិត្ត។ សេវាគាប់ចិត្តនឹង គឺយើងថាពេលដែលយើងចុះបញ្ជី រាល់ទិន្នន័យក្បាលដីនឹងមាននៅក្នុង Database របស់យើងហើយ។ ចឹងថ្ងៃក្រោយទៅប្រហែលជាអាចឈានទៅដល់សម័យកាលឌីជីថលនេះ សឹងតែថាបើសិនជាដីនោះបានចុះបញ្ជី មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុត្រឹមត្រូវ អ្នកទិញអ្នកលក់បំពេញបែបបទតែមួយម៉ោងឬពីរម៉ោងទេ ពេលផ្តិចមេដៃរួចរាល់ប្រព័ន្ធនោះនឹងផ្ទេរទៅឈ្មោះអ្នកដែលជាម្ចាស់បន្ទាប់ហ្នឹង រួចនឹងព្រីនបណ្ណថ្មីចេញតែម្តង។”

ដោយឡែកសម្រាប់វិស័យសំណង់ ឯកឧត្តមបានពន្យល់លម្អិតជូនអង្គសិក្ខាសាលាអំពីគោលការណ៍សំខាន់ៗនៃច្បាប់សំណង់ និងយន្តការនៃត្រួតពិនិត្យនិងបញ្ជាក់សំណង់ យន្តការកោសល្យវិច័យសំណង់ យន្តការត្រួតពិនិត្យនិងបញ្ជាក់គុណភាពសម្ភារៈសំណង់ ព្រមទាំងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងអំពីយន្តការ “អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់” ដែលជាតួអង្គថ្មីមួយក្នុងវិស័យសំណង់នៅកម្ពុជាត្រូវបានផ្តួចផ្តើមគំនិតឡើងក្រោយការដាក់ឱ្យប្រើប្រាស់ច្បាប់សំណង់។ ក្រោមយន្តការថ្មីនេះ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានតួនាទី ពិនិត្យ ផ្ទៀងផ្ទាត់ និងបញ្ជាក់គុណភាពប្លង់សំណង់។ តាមរយៈយន្តការនេះ ម្ចាស់គម្រោងសំណង់ ក្រោយពីបានទទួលការបញ្ជាក់ពីអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចដាក់សំណើលិខិតសាងសង់មកកាន់ក្រសួងផ្ទាល់តែម្តង ដោយមិនចាំបាច់ឆ្លងរដ្ឋបាលមូលដ្ឋានស្រុក ខណ្ឌ និងខេត្តទៀតឡើយ។

ជាកិច្ចបញ្ចប់នៃសិក្ខាសាលា ឧកញ៉ា ឆារស៍ វ៉ាន់  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រយ៉ាងកក់ក្តៅបំផុត ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជននិងស្ថាប័នរដ្ឋ។

តាមរយៈសិក្ខាសាលានេះដែរ សមាគមអ្នកសាងសង់កម្ពុជា បានអំពាវនាវដល់សមាជិករបស់ខ្លួនទាំងអស់ ដែលជាពាណិជ្ជករក្នុងវិស័យសំណង់ និងអចលនទ្រព្យ គោរពតាមច្បាប់សំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃគម្រោងសាងសង់នានាក្នុងប្រទេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]