ក្រសួងបង្ហាញផែនការបង្កើតសួនឌីជីថល ដើម្បីលើកកម្ពស់ចំណេះដឹងក្នុងវិស័យឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម​ ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម​ ហាក់ សុខហេង បាន​ឱ្យដឹងថា សួនឌី​ជីថលនេះ ​នឹងក្លាយជា​ច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ​ផ្តល់​កា​រគាំ​ទ្រ​កិ​ច្ច​កា​ររ​ដ្ឋ​បា​​ល​ និ​​ងអ​នុលោមភាព, ផ្សារ​ភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅ​នឹង​ឧស្សាហកម្ម និង​ការអប់រំ​ជំ​នាញ​ឌី​ជី​ថ​​លដោ​យ​ផ្សា​រ​ភ្ជា​ប់​​នឹងឱកាស​ការងារ។

ឯកឧត្តម បានបន្តថា សួនឌីជី​ថល​នេះ នឹងដើរតួនាទីជាមជ្ឈ​មណ្ឌលអប់រំ ដោយចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យា​ល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បី​ជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់​ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាស​ការងារ​ដោយផ្ទាល់ ក៏ដូចជាការ​ធ្វើការងារពីចម្ងាយ ព្រម​ទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញ​ឌី​ជីថ​ល​ក្នុង​ការ​បន្ត​កា​រ​សិក្សា​នៅសា​​​ក​លវិទ្យាល័យ។

បច្ចុប្បន្ន ក្រសួងកំពុងស្វែងរកទីតាំងដែលសមស្របមួយសម្រាប់បង្កើតសួនឌីជីថល និងរៀបចំសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន។ ការបង្កើតឧទ្យាននេះត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញឌីជីថល គាំទ្រដល់អាជីវកម្មឌីជីថលដែលកំពុងរីកចម្រើន និងការបង្កើតសហគមន៍ឌីជីថលដ៏រឹងមាំដែលអាចទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសបានផងដែរ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំជាយុទ្ធសាស្ត្រជាមួយនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។

គួរបញ្ជាក់ថា ជាមួយនឹងគំនិតផ្តួចផ្តើមនេះ ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍កម្ពុជា​ បានសិក្សាគំរូសួនឌីជីថលនេះ ពី​ប្រទេស​ថៃលើ​គ​ម្រោ​ង​​ ​Thailand Digital Valley ស្ថិតលើទំហំដីប្រមាណ ១២ហិកតា ក្នុងខេត្តឈុនបុរី ចម្ងាយ ៨០គីឡូម៉ែត្រ ពី​ទី​ក្រុង​​បា​ងកក ដែលគម្រោង​នេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយបច្ចុប្បន្នសម្រេចបាន ៦០ភាគរយហើយ។

ជាមួយនឹងការបង្កើតសួនឌីជីថលរបស់កម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលបំណងជំរុញប្រព័ន្ធអេកូឌីជីថលដ៏រស់រវើក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសក្នុងយុគសម័យឌីជីថល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]