វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣
webmaster@construction-property.com
- 27 ខែមករា 2026
- ព័ត៌មានសំណង់
- 1181 មើល
ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា
ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។
ឯកឧត្តមថា មូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ជាដើម។
ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ អ្នកវិនិយោគចិនថា នឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត។
សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២៥ ខេត្តតាកែវ មានគម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង១២០%។ ចំណែកនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២%៕
- Video Advertisement -