គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ “កំណាត់ទី ២” បានបើកការដ្ឋានសាងសង់ជាផ្លូវការ
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមធធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់។ សម្តេចបានបន្តថា គម្រោងកំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ “ឧត្តមនិយម” ផលប្រយោជន៍ជាតិ និងប្រជាជន។
សូមជម្រាបជូនថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដែលតភ្ជាប់ប្រព័ន្ធផ្លូវទឹកពីទន្លេទៅកាន់សមុទ្រ។ សម្រាប់កំណាត់ទី២ នេះ មានប្រវែងសរុប ១៥១,៦ គីឡូម៉ែត្រ ដោយចាប់ផ្តើមតភ្ជាប់ពីព្រែកពោធិ៍ នៃទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រហូតដល់ឆ្នេរសមុទ្រនៃខេត្តកែប។
ក្រោយបញ្ចប់ការសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការកាត់បន្ថយថ្លៃដឹកជញ្ជូន និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ៕ (អានបន្ថែម)

- Video Advertisement -