រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានជំរុញឱ្យរដ្ឋបាល «ខេត្តកែប» ពង្រឹងការងារសំខាន់ៗចំនួន ៤ចំណុច ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងប្រែក្លាយតំបន់ឆ្នេរមួយនេះជារបៀងសេដ្ឋកិច្ចដ៏រឹងមាំនាពេលខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែបកាលចុងសប្តាហ៍។

នាឱកាសនោះ ដើម្បីប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចសេដ្ឋកិច្ចជាតិ ឯកឧត្តម សាយ សំអាល់ បានជំរុញនិងណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានខេត្តកែប ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនឹងពង្រឹងការងារ៤ចំណុចរួមមាន៖

ទី១. បន្តធានាឱ្យបាននូវសន្តិសុខ របៀបរៀបរយនៅមូលដ្ឋាន តាមរយៈការបន្តទប់ស្កាត់ឱ្យបាននូវការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដោយមិនត្រូវឱ្យមាននៅខេត្តកែប ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បញ្ចប់វិវាទដីធ្លី ដោះស្រាយសំណង់មិនរៀបរយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ទី២. បន្តយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គម្រោងវិនិយោគរបស់រដ្ឋ និងវិស័យឯកជននានា ជាពិសេសពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។

ទី៣. កសាងខឿនទេសចរណ៍ខេត្តកែប ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍ ដូចជាផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹកសាធារណៈ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូល និងកាត់បន្ថយបំណុលគ្រួសារ ព្រមទាំងបង្កើនផ្នត់គំនិតជាសហគ្រិនមូលដ្ឋាន និងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរឱ្យប្រជាពលរដ្ឋ។និង

ទី៤. រៀបចំទីកែប ជាកន្លែងសម្រាកលំហែដែលផ្សារភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍របស់ប្រទេសជិតខាង និងទេសចរណ៍ផ្លូវទឹកនានា ដែលប្រកបដោយបរិយាកាសរីករាយ មានសណ្តាប់ធ្នាប់ និងមានម្ហូបអាហារឆ្ងាញ់និងតម្លៃសមរម្យ។

ក្រសួងរៀបចំដែនដី បានសង្កត់ធ្ងន់ថា ការដាក់ចេញការណែនាំដល់រដ្ឋបាលខេត្តកែប គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ដំណាក់កាលទី១ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹក […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]