គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប្រាស់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន បានសម្រេច​វឌ្ឍនភាព​សរុប​ប្រមាណ ៧២,២៩% ក្នុង​រយៈពេល​ប្រមាណ ១៣ ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២៤ មកដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៦។

តាម​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៦ ​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន បានឱ្យដឹងថា៖ «វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៣ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២១៧,៣០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយប្រវែង ១៨៩,៨ គីឡូម៉ែត្រ ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង ១៨៩,៣ គីឡូម៉ែត្រ និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បាន ប្រវែង ១២០,២០ គីឡូម៉ែត្រ»។

ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៧២,២៩% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១,២% និងខេត្តរតនគិរី សម្រេចបាន ៥១,៨១%។

​សេចក្តីប្រកាសដដែល បានបញ្ជាក់ដែរថា ក្រុមការងារ​នឹង​បន្ត​ជំរុញ​ការងារ​កសាង​ផ្លូវ និង​សំណង់​មុខទឹក​ក្នុង​ខេត្តមណ្ឌលគិរី ឱ្យសម្រេចបាន​ជា​ស្ថាពរ ១០០% យ៉ាងយូរ​ត្រឹម​ខែមីនា ឆ្នាំ​២០២៦ ខាងមុខ ខណៈ​ការងារ​នៅ​ខេត្តរតនគិរី នឹងត្រូវ​ព​ន្លឿ​ន​បន្ថែម ដោយ​ផ្តោតលើ​តំបន់​មាន​ភូមិសាស្ត្រ​លំបាក​។​

​សូមជម្រាបដែរថា គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ត្រូវបាន​ចាត់ទុកថា មាន​សារៈសំខាន់​ក្នុង​ការកែលម្អ​ការតភ្ជាប់ តំបន់​ព្រំដែន បង្កើន​សុវត្ថិភាព និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​តំបន់​ឆ្ងាយ ដោយ​រួមបញ្ចូល​ទាំង​ការដោះស្រាយ​រាវរក​គ្រាប់មីន ដែល​នៅតែ​ជា​បញ្ហាសំខាន់​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​វែង​៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹក […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]