ក្រសួងមហាផ្ទៃ ចេញវិធានការពន្លឿនការងារធ្វើប្លង់ដី និងគ្រប់គ្រងដីរដ្ឋតាមបណ្តារាជធានី-ខេត្ត

​ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ពន្លឿនការងារធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការគ្រប់គ្រងដីរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងបានរកឃើញថា មានភាពយឺតយ៉ាវក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការកត់ត្រាដីធ្លីបញ្ចូលក្នុងបញ្ជីសារពើភណ្ឌ ការជំរុញធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយបញ្ហាដី ដែលមានការជាប់ពាក់ព័ន្ធ និងភាពខ្វះចន្លោះក្នុងការធ្វើសេចក្តីរាយការណ៍អំពីបញ្ហាដីធ្លីមកក្រសួងមហាផ្ទៃ។

ក្នុងគោលបំណងជំរុញការងារទាំងអស់នេះ ក្រសួងមហាផ្ទៃបានណែនាំនូវវិធានការមួយចំនួនដូចខាងក្រោម៖

  • ជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានពេញលេញ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា
  • ធ្វើការត្រួតពិនិត្យ ស្រាវជ្រាវ និងកត់ត្រាបន្ថែមនូវទីតាំងដីឯកជនរបស់រដ្ឋ ដែលត្រូវកត់ត្រាបញ្ចូលទៅក្នុង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការទុកនៅក្រៅបញ្ជី ដែលអាចប្រឈមនឹងការរំលោភទន្ទ្រានកាន់កាប់ និងការបាត់បង់ដោយប្រការណាមួយ។
  • ជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលមានការជាប់ពាក់ព័ន្ធ ឬមានទំនាស់ជាមួយប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ភាគីឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យបានរួចរាល់ ឆាប់រហ័ស ដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន ចៀសវាងការអូសបន្លាយពេលវេលា ទុកបញ្ហាឱ្យកាន់តែរ៉ាំរ៉ៃ ដោយគ្មានដំណោះស្រាយត្រឹមត្រូវ
  • បង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ចំពោះការតាំងទីលំនៅ ការរំលោភបំពាន ទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ទាំងលើដីសាធារណៈរបស់រដ្ឋ និងឯកជនរបស់រដ្ឋ
  • យកចិត្តទុកដាក់អនុវត្តឱ្យបានពេញលេញតាមអនុក្រឹត្យលេខ ៣២១ អនក្រ.បក ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងសេចក្តីជូនដំណឹងលេខ ១០៣៤៩ សហវ. ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពន្លឿនធ្វើវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ ដែលនៅសេសសល់ និងចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ឱ្យបានរួចរាល់ជាស្ថាពរ
  • រដ្ឋបាលរាជធានី ខេត្ត ត្រូវបូកសរុបលទ្ធផលការងាររួម ចាប់ពីបណ្តារដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនក្រសួងមហាផ្ទៃរៀងរាល់ដំណាច់ត្រីមាសនីមួយៗ។
  • ក្នុងករណីពិនិត្យឃើញថា គ្រប់បណ្តាអង្គភាពណាមួយពុំមានវឌ្ឍនភាពការងារជាវិជ្ជមាននោះ ក្រសួងមហា​ផ្ទៃ នឹងចេញសេចក្តីណែនាំ ឬចាត់វិធានការទៅលើអង្គភាពនោះតាមការចាំបាច់។

គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបបានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លាន​ទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]