ក្រុមប្រទេសមហាអំណាចបោះទុន $១៥ពាន់លាន ជួយវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាតឈានមុខគេនៅអាស៊ីអាគ្នេយ៍

មហាអំណាចធំៗ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្រុកជួយវៀតណាម ឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេលើវិស័យថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងថវិកាជំនួយចំនួន ១៥,៥ ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ មានគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែករបស់វៀតណាមលើធ្យូងថ្ម និងគាំទ្រដល់គោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ ២០៥០ នេះបើយោងតាមសារៈព័ត៌មាន Tuoitrenews.vnចេញផ្សាយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤។

លោកស្រី Kitty Bu អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី (GEAPP) បានសង្កត់ធ្ងន់លើសក្តានុពលថាមពលកកើតឡើងវិញដ៏ធំរបស់ប្រទេសវៀតណាម ជាពិសេសថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS)។

គួររំលឹកថា គិតត្រឹមឆ្នាំ ២០២៣ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងរបស់វៀតណាម មានរហូតដល់ទៅប្រមាណ ១៧GW  ដែលតួលេខនេះ គឺលើសពីសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអាស៊ានទាំងអស់បូកបញ្ចូលគ្នា រួចទៅហើយ។

លោកស្រី Bu បានចង្អុលបង្ហាញគោលដៅមហិច្ឆតារបស់វៀតណាមក្នុងការបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចបៃតងចំពោះផលិតផលក្នុងស្រុកសរុប ឱ្យបានពី ៦,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ទៅដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំនេះ វៀតណាមត្រូវការវិនិយោគយ៉ាងច្រើន ដែលគេបានប៉ាន់ស្មានថា យ៉ាងហោចវៀតណាមត្រូវការថវិកាវិនិយោគប្រមាណ ១៣៥ពាន់លានដុល្លារនៅឆ្នាំ២០៣០ និង ៥១១ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកការផ្ទុកថាមពល និងធ្វើទំនើបកម្មបណ្តាញអគ្គិសនីជាតិ។

គំនិតផ្តួចផ្តើមសំខាន់ៗជំរុញការផ្លាស់ប្តូរថាមពលរបស់វៀតណាម៖

១. យុទ្ធសាស្ត្រកំណើនបៃតងជាតិ ២០២១-២០៣០៖ ក្របខ័ណ្ឌសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

២. ផែនការថាមពលទី៨៖ ផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំរចនាសម្ព័ន្ធវិស័យថាមពលឡើងវិញ។

៣. កិច្ចព្រមព្រៀង JETP៖ កិច្ចសហការអន្តរជាតិកៀងគរមូលនិធិសម្រាប់គម្រោងថាមពលស្អាត ដែលទើបតែនឹងបានទទួលជំនួយ ១៥,៥ ពាន់លានដុល្លារ ថ្មីៗនេះ។

អគ្គកុងស៊ុលអង់គ្លេស លោក Alexandra Smith បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់វៀតណាមលើវិស័យថាមពលកកើតឡើងវិញ ដោយចាត់ទុកថា “តាមរយៈការប្តេជ្ញាចិត្តការបំភាយកាបូនសូន្យសុទ្ធ វៀតណាមបានតាំងខ្លួនជាអ្នកនាំមុខក្នុងតំបន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាទិសដៅដ៏ល្អសម្រាប់ការវិនិយោគបៃតង”។

ដូចគ្នានេះដែរ អគ្គកុងស៊ុលហូឡង់ លោក Daniel Stork បានលើកឡើងពីការរួមចំណែករបស់ប្រទេសអឺរ៉ុប ក្នុងការជួយវៀតណាមឱ្យសម្រេចបានគម្រោងថាមពលកកើតឡើងវិញដោយជោគជ័យយ៉ាងច្រើន ដូចជាគម្រោងស្ថានីយថាមពលដើរដោយខ្យល់ចំនួន ១៧ លានអឺរ៉ូក្នុងខេត្ត Tra Vinh ជាមួយគ្នានោះ ក្រុមហ៊ុនបារាំងដូចជា Green Yellow Vietnam បានដំឡើងប្រព័ន្ធ photovoltaic បង្កើតថាមពលសម្រាប់ផ្ទះបានចំនួន ៨៣០០ខ្នង ក្នុងមួយឆ្នាំ។

គម្រោងបន្ថែមដូចជា គម្រោងទំនប់វារីអគ្គិសនីស្តុកទុក Bac Ai នៅខេត្ត Ninh Thuan ជាគំរូដល់កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយដៃគូពិភពលោក រួមទាំងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងធនាគារវិនិយោគអឺរ៉ុបផងដែរ។ គំនិតផ្តួចផ្តើមនេះ គាំទ្រដោយយុទ្ធសាស្ត្រ Global Gateway របស់សហភាពអ៊ឺរ៉ុប គឺជាគម្រោងដំបូងគេនៅក្នុងប្រទេសវៀតណាម និងជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនេះចំពោះវិស័យច្នៃប្រតិដ្ឋថ្មីក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពល។

គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងយុទ្ធសាស្ត្រវិនិយោគដ៏រឹងមាំបញ្ជាក់ពីសក្ដានុពលរបស់ខ្លួនក្នុងការក្លាយជាគំរូសម្រាប់ការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព និងបានជះឥទ្ធិពលលើប្រទេសនានាក្នុងតំបន់ចំពោះថាមពលកកើតឡើងវិញ និងកំណើនបៃតង។ ខណៈដែលពិភពលោកកំពុងបង្កើនចំណាប់អារម្មណ៍កាន់តែខ្លាំងចំពោះវិស័យថាមពលកកើតឡើងវិញ វៀតណាមបានដើរមុនគេមួយជំហាន ឈានទៅរកការសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការវិនិយោគវិស័យថាមពលស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរួចទៅហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]