ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ
កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃកាកសំណល់អេឡិចត្រូនិច រថយន្ត និងលោហៈក្នុងទ្រង់ទ្រាយឧស្សាហកម្ម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមបរិស្ថានស្អាតទូទាំងប្រទេស។
ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. ក្នុងពេលឆាប់ៗខាងមុខនេះ នឹងសាងសង់រោងចក្រកែច្នៃ និងកម្ទេចសំណល់ នៅលើទឹកដីស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោង បង្កើតរោងចក្រកែច្នៃ និងកម្ទេសចោលសំណល់របស់ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. ក្រោមអធិបតីភាពឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា រោងចក្រកែច្នៃ និងកម្ទេសចោលសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) របស់ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. បោះទីតាំងស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរង បានបង្ហាញគាំទ្រចំពោះគម្រោងនេះ និងស្នើឱ្យតំណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។
សូមជម្រាបថា ក្រុមហ៊ុន Mi Ner Va Investment Co, Ltd. មានទុនវិនិយោគសរុបប្រមាណ $១០,៩ ដុល្លារ ដែលគ្រោងនឹងបង្កើតរោងកែច្នៃនិងកម្ទេចសំណល់ (រថយន្ត បរិក្ខាអគ្គិសនី បរិក្ខាអេឡិចត្រូនិច សំណល់ឧស្សាហកម្ម និងលោហធាតុផ្សេងៗ) នៅក្នុងស្រុកដោយមិនមាននាំចូលពីក្រៅឡើយ។ ការវិនិយោគនេះក៏ស្របនឹងការជំរុញស្មារតីទទួលខុសត្រូវបរិស្ថានកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលបានប្រារព្ធពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃ PET ដាច់ដោយឡែកមួយដែលមានទុន ២៩ លានដុល្លារ នៅខេត្តពោធិ៍សាត់ ដោយបានបង្ហាញពីនិន្នាការទូទាំងប្រទេសឆ្ពោះទៅរកឧស្សាហូបនីយកម្មបៃតង។ តាមរយៈការបង្កើតការងារថ្មីរាប់រយ និងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាបៃតង គម្រោង Mi Ner Va ត្រូវបានគេរំពឹងថានឹងជំរុញសេដ្ឋកិច្ចរង្វង់មួយដែលកាកសំណល់លែងជាកាតព្វកិច្ចទៀតហើយ ប៉ុន្តែជាធនធានប្រកបដោយចីរភាពសម្រាប់អនាគតនៃខេត្តព្រះសីហនុ។ (អានបន្ថែម)
- Video Advertisement -