ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនចាប់អារម្មណ៍ស្វែងរកដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន កាលពីថ្មីនេះៗ បានសម្ដែងចំណាប់អារម្មណ៍ចង់មកវិនិយោគ និងបង្កើតដៃគូអាជីវកម្មក្នុងវិស័យសំណង់នៅកម្ពុជា ពិសេសក្រោយវិបត្តិកូវីដស្ងប់ស្ងាត់ ដែលនេះជាសញ្ញាវិជ្ជមានសឱ្យឃើញសក្ដានុពលនៃវិស័យសំណង់។
ការសម្ដែងចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីចុងសប្ដាហ៍មុន រវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងសមាគមអ្នកសាងសង់ម៉ាឡេស៊ី (MBAM) ដោយមានការចូលរួមពីសមាជិករបស់ភាគីទាំង២ ជាច្រើននាក់។
ក្នុងកិច្ចប្រជុំ សមាជិកទាំងអស់ដែលភាគច្រើនជាក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យសំណង់ បានផ្លាស់ប្ដូរមតិយោបល់គ្នារកវិធីសាស្រ្តយ៉ាងណាធ្វើឱ្យវិស័យមួយនេះនៅតែបន្តរីកចម្រើន ទោះបីក្នុងកាលៈទេសៈដូច្នេះក្ដី។
លើសពីនេះ សមាជិកក៏មានឱកាសធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន ក្នុងគោលបំណងដើម្បីស្វែងរកឱកាសចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយគ្នា ដោយក្នុងនោះមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន ចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។
លោក ឆាស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា បានសំដែងចំណាប់អារម្មណ៍ ថាទោះស្ថិតក្នុងវិបត្តិកូវីដក្ដី សមាគមនៅតែបន្តទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយដៃគូទាំងក្នុង និងក្រៅប្រទេស ហើយកិច្ចប្រជុំអនឡាញនេះ គឺជាឱកាសល្អមួយសម្រាប់ប្រទេសទាំង២ ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានបន្ថែមទៀតថា កិច្ចប្រជុំនេះជាការបើកឱកាសកម្ពុជាបង្ហាញពីសក្ដានុពលរបស់ខ្លួនទៅកាន់បរទេសដើម្បីទាក់ទាញការវិនិយោគ ហើយក៏ជាឱកាសឱ្យសមាជិកនីមួយៗ បានជួបពិភាក្សា ចាប់ដៃគូ និងពង្រីកបណ្តាញអាជីវកម្មផងដែរ។ ដែរនេះក៏នឹងការជួយជំរុញសេដ្ឋកិច្ចពិសេសក្នុងវិស័យសំណង់ដោយប្រយោលមួយផ្នែកធំ។
គួរបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជា ជាសមាគមសំណង់ដំបូង និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានសមាជិកក្រុមហ៊ុនដែលទាក់ទងនឹងវិស័យសំណង់ជិត២០០ ក្រុមហ៊ុន។ ជារៀងរាល់ឆ្នាំសមាគមក៏បានរៀបចំពិព័រណ៍សំណង់ធំជាងគេនៅកម្ពុជា ដែលដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល។
- Video Advertisement -