ក្រុមហ៊ុនយក្សចិនបញ្ចប់ការសាងសង់សណ្ឋាគារផ្កាយ៥ ថ្មីមួយទៀតនៅខេត្តព្រះសីហនុ
កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន Prince Times Hotel Management Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន Prince Real Estate Group (Cambodia) បានប្រកាសបញ្ចប់ការសាងសង់សណ្ឋាគារ Prince Times Hotel នៅខេត្តព្រះសីហនុ។
សណ្ឋាគារលំដាប់ផ្កាយ ៥ ខាងលើបានចាប់ផ្តើមការសាងសង់កាលពីដើមខែមេសា ឆ្នាំ២០១៨ លើផ្ទៃដីប្រមាណ១.២ហិកតា ដែលមានទំហំផ្ទៃក្រឡាសរុប ២៩០០០ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៨ខាងមុខនេះ ។
សណ្ឋាគារ Prince Times Hotel នេះមានបន្ទប់ប្រណីតៗចំនួន ១៩៣ បន្ទប់បំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ ក្លឹបហាត់ប្រាណ អាងហែលទឹក បន្ទប់ហាត់យូហ្គា កន្លែងចតឧទ្ធម្ភាគចក្រនៅលើដំបូលអគារ និងជាពិសេស Sky Bar ដែលអាចមើលឃើញសម្រស់ដ៏ស្រស់ស្អាតរបស់ក្រុងព្រះសីហនុ។
ក្រៅពីគម្រោងសណ្ឋាគារ Prince Times Hotel នេះ ក្រុមហ៊ុន Prince Real Estate Group បាននឹងកំពុងអភិវឌ្ឍន៍គម្រោងធំមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុដូចជា Prince IT Building, Prince Collinan Bay, Prince City Center, Prince Smart Town, និង Prince Koh Takeiv។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Prince Real Estate Group (Cambodia) បានឈានជើងចូលទីផ្សារកម្ពុជាកាលពីឆ្នាំ២០១៥ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះមានដីនៅក្នុងដៃសម្រាប់ការអភិវឌ្ឍន៍ប្រមាណ ៥ លានម៉ែត្រការ៉េ។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនយក្សមួយនេះបានសាងសង់គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One នៅឯកោះពេជ្រ។
បន្ថែមទៅលើគម្រោងទាំង៣ដែលបានបង្ហាញខ្លួនរួចមកហើយក្រុមហ៊ុន Prince Real Estate Group ក៏កំពុងដំណើរការលើគម្រោងដទៃទៀតដូចជា មជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ (អានបន្ថែម), Prince Club, Prince Hotel និងគម្រោងជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងណាស់ កាលពីថ្មីៗនេះក្រុមហ៊ុនមួយនេះក៏បានប្រកាសអោយដឹងពីផែនការអភិវឌ្ឍន៍រយៈពេល ១០ ឆ្នាំរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍគម្រោងលើផ្ទៃដីជាង ៤០០ ហិកតា ឬស្មើនឹងប្រមាណ ៦លានម៉ែត្រការ៉េនៃផ្ទៃការអភិវឌ្ឍន៍ (អានបន្ថែម)។
- Video Advertisement -