ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម
នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។
ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង ដែលបង្កើនភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ។
បើតាមលោក Tezuka Daisuke ប្រធានធុរកិច្ចវៀតណាមនៃក្រុមហ៊ុន Aeon Japan និងជាអគ្គនាយក Aeon Vietnam បានមានប្រសាសន៍ថា “Aeon Hai Duong នឹងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ពីខេត្ត Hai Duong និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់មួយនេះ”។
ជាមួយគ្នានេះដែរ លោក Naoki Ito ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមបានលើកឡើងថា៖ “ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់ដែលដំណើរការអភិវឌ្ឍន៍ទីក្រុងនៅក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាមតែងតែមានវត្តមានរបស់ផ្សារទំនើប AEON ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅទីនោះ”។
មជ្ឈមណ្ឌលផ្សារទំនើប Aeon Hai Duong នេះ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រនៃចំកណ្តាលទីក្រុង Hai Duong ដែលមានការតភ្ជាប់ទៅនឹងទីតាំងសំខាន់ៗជាច្រើនទៀតដូចជា៖ ផ្លូវក្រវាត់ក្រុងទី១ និងផ្លូវ Vo Nguyen Giap Avenue ដែលមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្លូវហាយវេហាណូយ – ហាយហ្វុង។
ប្រភពដដែលបានបញ្ជាក់ថា ប្រទេសវៀតណាមត្រូវបានគេទទួលស្គាល់ថា ជាទីផ្សារសំខាន់ទីពីររបស់ក្រុមហ៊ុន AEON បន្ទាប់ពីប្រទេសជប៉ុន ជាមួយនឹងបេសកកម្ម ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន និងបំពេញតម្រូវការដែលបានកើនឡើងតាមរយៈប្រព័ន្ធអេកូឡូស៊ីលក់រាយដ៏ទំនើបនេះ។
មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Aeon កំពុងដំណើរការផ្សារទំនើបរបស់ខ្លួនចំនួន ៨ នៅទូទាំងប្រទេសវៀតណាម ដែលមានផ្ទៃដីសរុបចំនួន ៤៦២.០០០ម៉ែត្រការ៉េ ក្រោមទុនវិនិយោគសរុបជាង ១,៥ពាន់លានដុល្លារ។
គួរបញ្ជាក់ថា Aeonបានរាយការណ៍ទៀតថាសកម្មភាពទិញទំនិញនៅក្នុងប្រទេសវៀតណាមនៅតែមានស្ថិរភាពកាលពីឆ្នាំមុន បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងការធ្លាក់ចុះនៃចំនួនអតិថិជននៅក្នុងតំបន់ភាគខាងត្បូង ការបិទជាបណ្តោះអាសន្ននូវផ្សារទំនើបមួយចំនួនដោយសារព្យុះទីហ្វុង Yagi នៅក្នុងខែកញ្ញា និងតម្រូវការធ្លាក់ចុះនៅក្នុងខែកក្កដាក៏ដោយ។
default
- Video Advertisement -