ក្រុមអ្នកបណ្តាក់ទុនចិនព្រមានថា ការបង្កក IPO នឹងធ្វើឱ្យក្រុមហ៊ុនច្នៃប្រតិដ្ឋបច្ចេកវិទ្យាជាប់គាំង

ក្រុមអ្នកបណ្តាក់ទុនចិនបានព្រមានថា ការបង្កកការដាក់លក់ភាគហ៊ុនជាសាធារណៈ (Initial Public Offering, IPO) នៅក្នុងប្រទេសចិន នឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសចំពោះក្រុមហ៊ុនពន្លកអាជីវកម្មថ្មីៗ ដែលនឹងបង្អត់ក្រុមហ៊ុនទាំងនេះ ពីការទទួលបានការគាំទ្រមូលនិធិ និងធ្វើឱ្យរាល់តួអង្គក្នុងទីផ្សារជាប់គាំងក្នុងការវិនិយោគដែលមានស្រាប់ ហើយចុងក្រោយគឺធ្វើឱ្យខូចដល់គោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងផ្ទាល់តែម្តង គឺគោលនយោបាយលើកកំពស់ការច្នៃប្រតិដ្ឋបច្ចេកវិទ្យាថ្មីឱ្យកាន់តែច្រើនដើម្បីកំណើននិងពិពិធកម្មសេដ្ឋកិច្ចជាតិ។

សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនបណ្តាក់ទុនចិន Venture Capital នៅក្នុងសន្និសីទ ChinaVenture Investment Conference រយៈពេលបីថ្ងៃនៅទីក្រុងសៀងហៃ និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន Asia.nikkei ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤។

នៅក្នុងសន្និសីទនោះ ក្រុមអ្នកបណ្តាក់ទុនចិនបានលើកឡើងថា ពួកគេកំពុងជួបការលំបាកក្នុងការដកប្រាក់ចំណេញរបស់ខ្លួន តាមរយៈការដាក់លក់ភាគហ៊ុនជាសាធារណៈ ដូចដែលធ្លាប់ធ្វើពីមុនមក។

គួរបញ្ជាក់ថា នៅក្នុងវប្បធម៌នយោបាយប្រទេសចិន ការរិះគន់បើកចំហចំៗចំពោះគោលនយោបាយ និងបទប្បញ្ញត្តិបែបនេះ គឺជារឿងកម្រ ជាពិសេសករណីមានការរិះគន់ជាសាធារណៈនៅឯកិច្ចប្រជុំឧស្សាហកម្មកំពូលប្រចាំឆ្នាំដែលមានវត្តមានសុទ្ធតែឥស្សរជនជាន់ខ្ពស់ដូច្នេះ។ ប៉ុន្តែសម្រាប់ករណីពិសេសនេះ បានកើតឡើងចំពេលមានការកើនឡើងនូវការត្រួតពិនិត្យជាផ្លូវការនៃការចុះបញ្ជីក្រុមហ៊ុនបោះលក់ភាគហ៊ុនថ្មី ក្នុងគោលបំណងកែប្រែទីផ្សារទុតិយតា (secondary market) តាមរយៈវិធានការបន្ថយល្បឿននៃការលក់ភាគហ៊ុនសាធារណៈ។

លោក Deng Feng ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Northern Light បានប្រាប់សន្និសីទដែលបានបញ្ចប់កាលពីថ្ងៃសុក្រកន្លងទៅនេះថា “បញ្ហាធំបំផុតចេញពីការបង្កកការលក់ភាគហ៊ុនជាសាធារណៈនេះ នោះគឺការចាកចេញពីទីផ្សារ។ វានឹងនាំឱ្យពន្លកអាជីវកម្ម(បច្ចេកវិទ្យា)ទាំងឡាយ ខ្វះប្រភពមូលនិធិ។ វាជាបញ្ហាដ៏ធំមួយដែលនឹងប៉ះពាល់ដល់ការច្នៃប្រតិដ្ឋបច្ចេកវិទ្យារបស់ប្រទេសចិនទាំងមូលតែម្តង”។

មូលនិធិសរុបដែលបានលើកឡើងតាមរយៈ IPO នៅក្នុងប្រទេសចិនដីគោកបានធ្លាក់ចុះជិត ៩០% ទៅ ២,៦ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៣ មក នេះបើយោងតាមទិន្នន័យរបស់ LSEG ។ ទិន្នន័យទីផ្សាររូបិយវត្ថុបានបង្ហាញថា បេក្ខជនបោះលក់ភាគហ៊ុនជាសាធារណៈ IPO ចិនជាង ១៣០ បានបញ្ឈប់ផែនការចុះបញ្ជីរហូតមកដល់ពេលនេះ។

ក្រុមអ្នកបណ្តាក់ទុនរបស់ប្រទេសចិន ប្រឈមមុខនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយរួចហើយ ដែលបានធ្វើឱ្យការវិនិយោគលើវិស័យបច្ចេកវិទ្យា និងការចុះបញ្ជីក្រុមហ៊ុននៅក្រៅប្រទេសមានការលំបាក។

នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាវិនិយោគបែបបណ្តាក់ទុនចិន ( ChinaVenture Investment Consulting) លោក Yang Xiaolei បាននិយាយថា “រដ្ឋបានចេញគោលនយោបាយផ្សេងៗជាច្រើន ដើម្បីគាំទ្រទីផ្សារទុតិយតា គឺបានបង្ខូចទីផ្សារបឋម (primary market)”។

ការស្ទង់មតិមួយ ធ្វើឡើងដោយ ChinaVenture បង្ហាញថា ក្រុមអ្នករកស៊ីបណ្តាក់ទុនរបស់ចិន កំពុងមានទុទិដ្ឋិនិយមកាន់តែខ្លាំងឡើង។ អ្នកឆ្លើយតបភាគច្រើនបានលើកឡើងពីភាពមិនច្បាស់លាស់នៃគោលនយោបាយថា ជាការគំរាមកំហែងដ៏ធំបំផុតរបស់វិស័យនេះ ហើយក្រុមហ៊ុនភាគច្រើនបានចាប់ផ្តើមកាត់បន្ថយបុគ្គលិក។

លោក Andrew Yan ដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន SAIF ដែលជាក្រុមហ៊ុនធំផ្តោតលើការ វិនិយោគភាគហ៊ុនឯកជន ក្នុងប្រទេសចិននិងកំពុងគ្រប់គ្រងភាគហ៊ុនជាង ៥ ពាន់លានដុល្លារបាននិយាយថា “ការដើរខុសគោលការណ៍នឹងមានគ្រោះថ្នាក់ជាងភាពមិនដំណើរការនៃទីផ្សារទៅទៀត។”

លោក Deng របស់ Northern Light បានអំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញគោលនយោបាយលម្អិត ដើម្បីគាំទ្រដល់ឧស្សាហកម្ម VC ដែលកំពុងជួបការលំបាក។

ឆ្លើយតបចំពោះបញ្ហានេះ ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូល បាននិយាយកាលពីថ្ងៃទី ៣០ ខែមេសា នេះថា ប្រទេសចិនគួរតែជំរុញនិងគាំទ្រវិស័យបណ្តាក់ទុននេះបន្ថែមទៀត ដែលនឹងដើរតួនាទីជាចលករសំខាន់ជំរុញឱ្យមានដើមទុនរយៈពេលវែងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។

“សេចក្តីថ្លែងការណ៍(របស់រដ្ឋ)ទាំងនេះ ស្តាប់ទៅពិតជាត្រឹមត្រូវមែន ប៉ុន្តែតើធ្វើដូចម្តេចទើបឱ្យវិធានការអនុវត្តជាក់ស្តែងមានប្រសិទ្ធភាព?”នេះជាសំណួរដែល លោក Deng បានលើកឡើង ខណៈដែលលោកបានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតលើគោលនយោបាយនេះ។

ក្នុងអំឡុងពេលសន្និសីទនោះដែរ លោក Yang តំណាងអ្នកបណ្តាក់ទុនមកពីក្រុមហ៊ុន ChinaVenture បានបន្ថែមថា  “យើងពិតជាសង្ឃឹមថារដ្ឋាភិបាល និងនិយតករ ស្គាល់ច្បាស់ពីសារៈសំខាន់នៃទីផ្សារបឋម (primary market)  ចេះមានឥរិយាបថសមស្របដោះស្រាយជាមួយតម្រូវការទីផ្សារនេះ និងយល់ពីទុក្ខលំបាករបស់អ្នកបណ្តាក់ទុន”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]