ខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ
អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។
ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខាន់ៗនៃគម្រោងអគារនេះមានទទឹងមិនគ្រប់គ្រាន់ ដែលជាការមិនអនុលោមតាមច្បាប់គ្រប់គ្រងអគារថៃ។ សេចក្តីសម្រេចនេះ បានបណ្តាលឱ្យគម្រោងខុនដូដែលទើបនឹងបានសាងសង់រួចរាល់បញ្ចប់ទាំងស្រុងទៅហើយ ប្រែជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ថែមទាំងអាចនឹងត្រូវបានរុះរើចេញ ប្រសិនបើរកមិនឃើញដំណោះស្រាយផ្លូវច្បាប់ក្នុងរយៈពេលបីខែខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយមន្ត្រីតុលាការ។
ចំណុចសំខាន់នៃវិវាទលើសំណង់អគារនេះ គឺស្ថិតនៅច្រកចូលសំខាន់របស់ខុនដូ ត្រង់ចំណុចឆ្ពោះទៅផ្លូវអសោក (Asoke) ដែលទន្ទ្រានកាន់កាប់ដីរបស់អាជ្ញាធរដឹកជញ្ជូនរហ័ស (MRTA) ដែលជាដីបម្រុងទុកសម្រាប់ធ្វើច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។ កត្តានេះហើយដែលធ្វើឱ្យលិខិតអនុញ្ញាតសាងសង់អគារនេះ ត្រូវបានគេចាត់ទុកថាចេញដោយខុសច្បាប់។
លោក Prawit Boonthiem អ្នកទទួលខុសត្រូវផ្នែកការខូចខាតនិងបំណុលនៃតុលាការរដ្ឋបាលកំពូល បានផ្តល់ឱសានវាទដល់រដ្ឋបាលក្រុងបាងកក (BMA) ស្ថាប័ន Ananda MF Asia Asoke Co និងអាជ្ញាធរ MRTA រយៈពេលបីខែ ដើម្បីកែតម្រូវស្ថានការណ៍ឱ្យស្របតាមច្បាប់គ្រប់គ្រងអគារ។ ការខកខានក្នុងការអនុវត្តតាមសេចក្តីសម្រេចនេះ នឹងតម្រូវឱ្យ រដ្ឋបាលក្រុងបាងកក អនុវត្តបទប្បញ្ញត្តិច្បាប់ ដោយតម្រូវឱ្យរុះរើអគារក្នុងរយៈពេល ៩០ ថ្ងៃជាកំហឹត។
ទោះបីជាកំពុងជួបរឿងដ៏អាក្រក់បែបនេះក៏ដោយ លោក Wisanu Subsompon អភិបាលរងនៃទីក្រុងបាងកក នៅតែមានសុទិដ្ឋិនិយមក្នុងការស្វែងរកដំណោះស្រាយទាន់ពេលវេលាដែលបានកំណត់។
“អ្នកអភិវឌ្ឍន៍គម្រោង ត្រូវបានណែនាំឱ្យដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ឡើងវិញ ដែលតាមរយៈដំណើរការនេះ មិនមានច្បាប់តម្រូវឱ្យមានការរុះរើអគារដែលមានស្រាប់នោះទេ។ លើសពីនេះ គណៈកម្មាធិការមួយត្រូវបានបង្កើតឡើងដោយក្រសួងដឹកជញ្ជូន ដើម្បីបង្កើតគោលការណ៍ណែនាំដែលជួយដល់អាជ្ញាធរ MRTA ក្នុងការដោះស្រាយបញ្ហាអស្សាមិករណ៍ដីធ្លី។” ប្រសាសន៍លោក Wisanu។
ស្ថានភាពនេះមិនត្រឹមតែបង្ហាញពីភាពស្មុគស្មាញនៃការអភិវឌ្ឍន៍ទីក្រុង និងស្ថានភាពនៃការអនុវត្តច្បាប់គ្រប់គ្រងអគារថៃ។ លទ្ធភាពដែលអាចនឹងមានការរុះរើអគារខុនដូ Ashton Asoke ដ៏ធំនេះ នាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីផលប៉ះពាល់ពីអ្នកវិនិយោគ អ្នករស់នៅ និងទីផ្សារអចលនទ្រព្យ នៅទីក្រុងបាងកក៕
- Video Advertisement -