គម្រោងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅ​ព្រះ​សី​ហ​នុ ចាប់ផ្តើមសង់ហើយ

គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និង ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៦។

ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់​ប្រមាណ ២៤៣​លាន​ដុល្លារអាមេរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ពន្ធអាករផ្សេងៗផងដែរ។

គួរបញ្ជាក់ថា នៅពេលដាក់ឱ្យដំណើរការ ចំណតផែកុងតឺន័រទឹកជ្រៅ​មួយ​នេះ នឹងអាចទទួលនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រមាណ ៩៣ភាគរយ ពីក្នុងតំបន់ ខណៈបច្ចុប្បន្នមានត្រឹម​តែ ១៨ភាគរយ ប៉ុណ្ណោះ ដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាម​សមុទ្រ​នឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារ ក្នុងមួយកុងតឺន័រ។

បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី១ហើយនោះ រាជរដ្ឋាភិបាលគ្រោងពង្រីក ការសាងសង់ជំហានទី២ និងទី៣បន្ថែមទៀត។

ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺនកុងតឺន័រ មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុប​រហូតដល់ប្រមាណជាង ១,៨លានកុងតឺន័រ ក្នុងមួយឆ្នាំ។

រីឯជំហានទី៣ នឹងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្មើ​នឹង ១៥ពាន់កុងតឺន័រ ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាមេរិក និង​ទូ​ទាំង​​ពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់​ឆ្លង​កាត់​បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណ ២,៥លាន កុងតឺន័រក្នុងមួយឆ្នាំ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣នេះ គ្រោងនឹង​ចំណាយ​ថវិកា សាងសង់សរុបប្រមាណ ៦៩៨លានដុល្លារអាមេរិក​បន្ថែម​ទៀត ដែលទឹកប្រាក់ជាង ៥០០លានដុល្លារ ជាឥណទានសម្បទាន​ពីរដ្ឋាភិបាលប្រទេសជប៉ុន និងជាង ១០០លានដុល្លារ ជាថវិកា​បដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ជាកំពង់ផែអន្តរជាតិខ្នាតតូច ឱ្យក្លាយទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ដែលអាចឱ្យនាវាកុងតឺន័រធុនធំពីគ្រប់​តំបន់​នៅក្នុងពិភពលោកអាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស។

គួរបញ្ជាក់ដែរថា នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនឡើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លារ កើនឡើង ២,៧១% បើធៀបនឹងរយៈ ពេលដូចគ្នា ឆ្នាំ២០២២។

បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួនសរុបប្រមាណជាង ៧៥ម៉ឺនកុងតឺន័រ ដោយមានកំណើនជាមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពី ឆ្នាំ២០១០ ដល់ឆ្នាំ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]