គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងខេត្តកំពង់ស្ពឺ សាងសង់សម្រេចបាន ១៥% ហើយ
វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងវស្សាប្រមាណ ៤០០០០ហិកតា បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ១៥% ហើយ។ នេះបើយោងតាមដំណើរទស្សនកិច្ចគម្រោងផ្ទាល់ ដឹកនាំដោយ
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច គឺមានទីតាំងស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបន្តថា គម្រោងនេះ ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។
ឯកឧត្តមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោង រួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។ ការងារសាងសង់មានរយៈពេល ៣៦ខែ ដោយចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៨។ គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ១៥%។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសារៈសំខាន់ណាស់នៅក្នុងការផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម គ្របដណ្តប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះក៏មានសក្តានុពលផងដែរ ដោយបង្កើតបាននូវតំបន់ទេសចរណ៍ធម្មជាតិ កែលម្អប្រព័ន្ធជីវចម្រុះ ជាប្រភពទឹកសម្រាប់សត្វព្រៃ និងបង្កើនផលត្រីនៅក្នុងតំបន់។
គួររំឭកថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ ក៏បានចុះពិនិត្យវឌ្ឍនភាពការងារនូវប្រឡាយមេរលាំងជ្រៃស្លាគូ នៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ៕ (អានបន្ថែម)

- Video Advertisement -