ចិនគ្រោងបង្កើតតំបន់កសិកម្មបែបទំនើបឆ្លាតវៃ លើផ្ទៃដីប្រមាណ ២ម៉ឺនហិកតា នៅកម្ពុជា
ក្រុមហ៊ុនកសិកម្មចិន Danong ចង់វិនិយោគលើវិស័យកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីមួយ លើផ្ទៃដីប្រមាណពី ១ម៉ឺនទៅ ២ម៉ឺនហិកតា នៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ដួង ដារ៉ា និងលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។
លោកប្រធានក្រុមហ៊ុន បានឱ្យដឹងអំពីគម្រោងធំៗ ៤ ដែលបានកំណត់រួមបញ្ចូលក្នុងការវិនិយោគគឺ១)បង្កាត់ពូជសត្វ, ២)ចិញ្ចឹមសត្វ, ៣)ផលិតចំណីសត្វ, ៤)ដំណាំដំឡូងមី។
ជាមួយគ្នានេះដែរ ដើម្បីជំរុញការងារវិនិយោគនេះឱ្យបានជោគជ័យ ក្រុមហ៊ុនត្រូវរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ(លើផ្ទៃដីប្រមាណពី១ម៉ឺនទៅ២ម៉ឺនហិកតា) ក្នុងនោះមានការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រោចស្រព, អគ្គិសនី និងការផ្តល់សេវាកម្មកសិកម្ម និងផ្តល់កម្ចីតាមរយៈធនាគារកសិកម្ម ឱ្យបានគ្រប់ជ្រុងជ្រោយដល់ក្រុមហ៊ុនដៃគូវិនិយោគក្នុងស្រុក និងដល់ប្រជាកសិករខ្មែរផងដែរ។
បន្ថែមពីនេះ លោកប្រធាន Zhao Shujie បានបញ្ជាក់ផងដែរថា គម្រោងសង់ឃ្លាំងស្តុកខ្នាតធំមួយនៅខេត្តព្រះសីហនុ បាននិងកំពុងជួយជំរុញការនាំចេញនូវផលិតផលកសិកម្មខ្នាតធំពីកម្ពុជាទៅកាន់បរទេស។ ចំពោះចំណីសត្វតែមួយមុខ គឺអាចនាំចេញបានប្រមាណ៤០លានតោនក្នុង១ឆ្នាំ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏គ្រោងបង្កើតរោងចក្រផលិតជី និងបង្កើតមជ្ឈមណ្ឌលភូគាមអនាម័យខ្នាតធំមួយនៅខេត្តព្រះសីហនុផងដែរ ដើម្បីជួយជំរុញសន្ទុះនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិនឱ្យបានជាអតិបរមា។
បើតាមផែនការ ក្រុមហ៊ុននឹងចុះពិនិត្យសិក្សាស្រាវជ្រាវបន្ថែមអំពីសក្តានុពលដីកសិកម្មដែលបានកំណត់រួចហើយ រួមទាំងប្រព័ន្ធអគ្គិសនី ប្រភពទឹក ផ្លូវដឹកជញ្ជូន និងគោលការណ៍ច្បាប់នានារបស់រាជរដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនក្នុងការវិនិយោគលើវិស័យកសិកម្ម។
គួរបញ្ជាក់ថា គម្រោងវិនិយោគកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីខាងលើនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជាមានឱកាសបង្កើនចំណូល បូករួមទាំងផ្នែកឧស្សាហកម្ម និងសេវាកម្ម និងការជួយបង្កើនពន្ធ (Tax) ដល់រដ្ឋាភិបាលទៀតផង។
គួររំលឹកថា បច្ចុប្បន្នកម្ពុជាបាននាំចេញកសិផលចំនួន ៤,៥លានតោនក្នុងអំឡុង៧ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានជាប្រាក់ចំណូលប្រមាណ ២,៦ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។


- Video Advertisement -