ចិនទើបទទួលបានជោគជ័យ លើការផលិតម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូចបំផុតលើពិភពលោក
រដ្ឋាភិបាលចិន ទើបតែដំឡើងដោយជោគជ័យនូវម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរមួយឱ្យឈ្មោះថា លីងឡុងវ័ន (Linglong One) ដែលជាម៉ាស៊ីនរ៉េអាក់ទ័រគំរូពាណិជ្ជកម្មខ្នាតតូច (SMR) ដំបូងបំផុតរបស់ពិភពលោក។ លីងឡុងវ័ន (Linglong One) ត្រូវបានដាក់ឱ្យប្រតិបត្តិការសាកល្បងលើកដំបូង នៅក្នុងខេត្ត Hainan ដ៏ស្រស់ស្អាតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ខែសីហា នេះបើយោងតាមសារៈព៌ត័មាន CGTN។
បង្កើតឡើងដោយសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) ម៉ូឌុល Linglong One ឈរឈ្មោះជាម៉ាស៊ីនរ៉េអាក់ទ័រទឹកសំពាធម៉ូឌុលខ្នាតតូច ដែលមានសមត្ថភាពផលិតថាមពលដ៏មហិមា គឺអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ១២៥ មេហ្គាវ៉ាត់ នៅពេលដំណើរការ វានឹងអាចបង្កើតថាមពលអគ្គិសនីបានរហូតដល់ ១ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ទិន្នផលនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលសម្រាប់គ្រួសារបានចំនួន ៥២៦.០០០គ្រួសារ។ ដោយសារវាជាប្រភេទថាមពលស្អាត ម៉ាស៊ីនថាមពលនុយក្លេអ៊ែរនេះ អាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតយ៉ាងមានប្រសិទ្ធភាពបំផុត គឺបានរហូតដល់ទៅ ៨៨០.០០០ តោនកាបូនសមមូល ដែលស្មើនឹងការដាំដើមឈើចំនួន ៧,៥ លានដើម។
ម៉ូឌុលផលិតថាមពលនុយក្លេអ៊ែរនេះ រួមបញ្ចូលគ្នានូវគ្រឿងផ្សំដែលផលិតពីបច្ចេកវិទ្យាទំនើបដ៏ស្មុគស្មាញ ក្នុងនោះមានធុងសម្ពាធ ម៉ាស៊ីនចំហាយទឹក ឧបករណ៍ទទួលស្នប់បឋម និងសមាសធាតុសំខាន់ៗផ្សេងទៀត។ ចំណុចសំខាន់នៃការរចនា Linglong One គឺវាមានទំហំតូច ដែលជួយដល់ការចល័តសម្រាប់ធ្វើអាជីវកម្ម និងប្រសិទ្ធភាពប្រតិបត្តិការរបស់វា។ សម្រាប់អ្នកវិនិយោគក្នុងវិស័យថាមពល គេអាចរៀបចំដំឡើងរ៉េអាក់ទ័រម៉ូឌុលតូចនេះ ទៅតាមតម្រូវការអតិថិជនជាក់ស្តែង ដូចជាភាពងាយស្រួលដឹកជញ្ជូន និងទីតាំងដំឡើងជាដើម ដូច្នេះវាផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់អ្នកប្រើប្រាស់។
ម្យ៉ាងទៀត ម៉ាស៊ីនផលិតថាមពលនុយក្លេអ៊ែរនេះ មានភាពសម្របខ្លួនច្រើន ដែលអំណោយផលដល់ការប្រើប្រាស់អាស្រ័យតាមប្រភេទតម្រូវការថាមពល ក្នុងនោះមានកម្មវិធីចម្រុះដូចជា ការបំប្លែងទឹកសមុទ្រ ការផលិតកំដៅសម្រាប់ទីក្រុង ការផ្គត់ផ្គង់ចំហាយដើម្បីប្រើក្នុងរោងចក្រឧស្សាហកម្ម និងការទាញយកប្រេងជាដើម។
លោក Zhao Long នាយករងនៃនាយកដ្ឋានវិស្វកម្មគម្រោង ((CNNC)) បានបញ្ជាក់ពីភាពច្បាស់លាស់នៃដំណើការរបស់បច្ចេកវិទ្យាថ្មីនេះ។ លោកបានបញ្ជាក់ថា៖ «ដើម្បីធានាបាននូវការដំឡើងដោយសុវត្ថិភាព និងជោគជ័យក្នុងពេលតែមួយ យើងទាមទារលក្ខខណ្ឌអាកាសធាតុល្អ។ លក្ខខណ្ឌអាកាសធាតុមិនល្អ ដូចជាខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បង្កបញ្ហាប្រឈមដល់សុវត្ថិភាពនៃឧបករណ៍»។
ខណៈដែលប្រទេសចិន សម្ពោធនូវបច្ចេកវិទ្យាថាមពលដ៏អស្ចារ្យនេះ ទ្វារទៅកាន់យុគសម័យថ្មីនៃថាមពលប្រកបដោយនិរន្តរភាពបើកចំហសម្រាប់អ្នកវិនិយោគថាមពលទូទាំងពិភពលោក។ សម្រាប់ប្រទេសដូចជាកម្ពុជា ប្រសិនបើជ្រើសយកបច្ចេកវិទ្យានេះមកប្រើប្រាស់ នោះវិស័យថាមពលមិនត្រឹមតែ នឹងបានរីកចម្រើនខ្លាំងជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងបរិស្ថាន និងការរួមចំណែកដ៏មានអត្ថន័យចំពោះការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកដំណោះស្រាយការអភិវឌ្ឍបៃតងផងដែរ៕
- Video Advertisement -