ឆ្នាំ២០៤០ រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ភាគច្រើននឹងមានអាយុ ២៨ឆ្នាំ ចាស់ល្មមនឹងបិទដំណើរការ ជំនួសវិញដោយថាមពលស្អាត
រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ អាចនឹងត្រូវបិទបញ្ឈប់លែងឱ្យដំណើរការបានដោយមិនខាតបង់ នៅត្រឹមឆ្នាំ ២០៤០ ស្របតាមគោលដៅអាកាសធាតុសកល ដែលនៅពេលនោះ រោងចក្រធ្យូងថ្មក្នុងតំបន់នេះ នឹងមានអាយុជាមធ្យម ២៨ ឆ្នាំ គឺជិតស្មើនឹងអាយុកំណត់ឱ្យបិទបញ្ឈប់ជាសកល ដែលមានរយៈពេលកំណត់ត្រឹម ៣៦ឆ្នាំ យោងតាមរបាយការណ៍វិភាគថ្មីៗនេះដោយ Global Energy Monitor (GEM) ចុះផ្សាយដោយ solarquarter កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា នៅត្រឹមឆ្នាំ ២០៤០ រោងចក្រធ្យូងថ្មក្នុងបណ្តាប្រទេសអាស៊ានប្រមាណ ៣២% នឹងមានអាយុលើសពី ៣០ឆ្នាំ ខណៈរោងចក្រប្រមាណ ២៥% ទៀត នឹងមានអាយុចន្លោះពី ២៥-២៩ ឆ្នាំ ហើយមានរោងចក្រធ្យូងថ្មចំនួន ២៧% ទៀត នឹងមានអាយុចន្លោះពី ២០-២៤ ឆ្នាំ និងនៅសល់តែ ១៧% ចុងក្រោយប៉ុណ្ណោះ ដែលនឹងមានអាយុក្រោម ២០ឆ្នាំ។ គំហើញថ្មីនេះ បង្ហាញថា ទម្រាំដល់ពេលនោះ រោងចក្រធ្យូងថ្មទាំងឡាយណា ដែលមានអាយុចំណាស់ជាងគេ នឹងទទួលបានមកវិញនូវផលសងលើការចំណាយលើការវិនិយោគរបស់ពួកគេល្មមគ្រប់គ្រាន់ មុននឹងដាក់ឱ្យចូលនិវត្តន៍ និងការជំនួសវិញដោយថាមពលកកើតឡើងវិញ ដោយមិនមានការខាតបង់។
គួរបញ្ជាក់ថា អំណះអំណាងថ្មីនេះ មានអត្ថន័យផ្ទុយគ្នានឹងការសន្និដ្ឋានលើកមុនរបស់ មជ្ឈមណ្ឌលថាមពលអាស៊ាន (ASEAN Center for Energy) និងរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីពេលកន្លងទៅថា រោងចក្រធ្យូងថ្មនៅអាស៊ាន គឺមានអាយុកាលថ្មីពេកក្នុងការដាក់ចូលនិវត្តន៍ (បញ្ឈប់ដំណើរការ) ហើយគួរពិចារណាដាក់ជំនួសវិញនូវបច្ចេកវិទ្យាចាប់និងស្តុកកាបូនដើម្បីផលិតថាមពល ឬកែប្រែឡើងវិញសម្រាប់ការប្រើប្រាស់ក្នុងវិស័យជីវម៉ាស់ និងអាម៉ូញ៉ាក់។
Christine Shearer អ្នកគ្រប់គ្រងគម្រោងនៃកម្មវិធីតាមដានរោងចក្រធ្យូងថ្មសកលរបស់ GEM បានសង្កត់ធ្ងន់ថា “ការយល់ឃើញដែលថារោងចក្រធ្យូងថ្មនៅអាស៊ីអាគ្នេយ៍នៅក្មេងពេកក្នុងការចូលនិវត្តន៍គឺជាការយល់ខុស។ ការវិភាគរបស់យើងបង្ហាញថា រោងចក្រទាំងនេះនឹងមានអាយុកាលចាស់ល្មមនឹងចូលនិវត្តន៍នៅត្រឹមឆ្នាំ ២០៤០ ដែលនឹងជួយសម្រួលឱ្យការផ្លាស់ប្តូរការផ្គត់ផ្គង់ថាមពលទៅជាថាមពលស្អាតវិញ មិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជារឿងចាំបាច់ដែលត្រូវធ្វើថែមទៀតផង។”
បច្ចុប្បន្ននេះ រោងចក្រថាមពលធ្យូងថ្មប្រហែល ១៥ GW កំពុងស្ថិតក្នុងដំណាក់កាលត្រៀមនឹងសាងសង់ ហើយរោងចក្រថាមពលធ្យូងថ្មប្រហែល ១៥ GW ផ្សេងទៀត កំពុងសាងសង់ ប៉ុន្តែរបាយការណ៍ថ្មីនេះ បានរំលេចខ្លឹមសារប្រឆាំងនឹងការពង្រីករោងចក្រធំៗទាំងនេះ ដោយបញ្ជាក់ពីការដករោងចក្រដែលមានស្រាប់ជំនួសវិញ។
លោក Paul Jacobson មកពីវិទ្យាស្ថានសេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ (IEEEFA) គាំទ្រទស្សនៈនេះដោយកត់សម្គាល់ថា “រោងចក្រថាមពលធ្យូងថ្មនៅក្មេងអាយុ ១៥ ឆ្នាំអាចចូលនិវត្តន៍បានផលចំណេញនៅចន្លោះឆ្នាំ ២០៣០-២០៣៥ ជាមួយនិងលក្ខខណ្ឌដែលមានគោលនយោបាយ និងក្របខ័ណ្ឌហិរញ្ញវត្ថុត្រឹមត្រូវ។ ការផ្លាស់ប្តូរនេះ អាចសម្រេចបានដោយមិនបង្កើនតម្លៃថាមពលលក់ដុំ ប្រសិនបើកិច្ចព្រមព្រៀងត្រឹមត្រូវ ត្រូវបានធ្វើឡើងដើម្បីជំនួសកិច្ចព្រមព្រៀងទិញថាមពលធ្យូងថ្មជាមួយនឹងកិច្ចសន្យាថាមពលកកើតឡើងវិញមកជំនួសវិញ”។
របាយការណ៍វិភាគរបស់ GEM ធ្វើឡើងចំពេលល្អ នៅពេលដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងសម្ពាធកើនឡើងដើម្បីកាត់បន្ថយការបញ្ចេញកាបូន និងទទួលយកប្រភពថាមពលស្អាតជាងមុន ដោយបញ្ជាក់ពីភាពបន្ទាន់សម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការរៀបចំផែនការថាមពលក្នុងតំបន់។ តាមរយៈការបញ្ឈប់ការអភិវឌ្ឍធ្យូងថ្មថ្មី និងផ្តោតលើការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញ បណ្តាប្រទេសអាស៊ាន ទំនងជានឹងអាចបន្ស៊ីជាមួយគោលដៅរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ដើម្បីកំណត់ការឡើងកំដៅផែនដី ឱ្យស្ថិតនៅក្រោម ១,៥°C ជាក់ជាមិនខាន៕
- Video Advertisement -