ជំនួសឱ្យគម្រោងជីកព្រែកភ្ជាប់សមុទ្រ ថៃចំណាយ ២៧ពាន់លានដុល្លារសាងសង់ស្ពានអាកាសភ្ជាប់សមុទ្រពីរ
រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងវិនិយោគទឹកប្រាក់ ២៧ពាន់លានដុល្លារ ដើម្បីបើកដំណើរការឡើងវិញនូវផែនការឆ្នាំ២០២០ ដើម្បីសាងសង់ស្ពានអាកាសភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិចទៅមហាសមុទ្រឥណ្ឌាចម្ងាយ ១០០គីឡូម៉ែត្រ ត្រង់តំបន់ក្រា ( Kra Isthmus) ។
ជំនួសឱ្យផែនការព្រែកជីកក្រា (kra canal) ដែលភ្ជាប់សមុទ្រទាំងពីរពីខាងកើតទៅខាងលិចប្រទេសថៃ ផែនការដ៏ធំមួយនេះត្រូវបានស្នើឡើងកាលពីបីឆ្នាំមុន(២០២០) ដោយផ្តោតលើការសាងសង់ស្ពានអាកាសសម្រាប់ដឹកទំនិញតាមផ្លូវដែកផងនិងសម្រាប់យានយន្តផង ព្រមទាំងផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរសម្រាប់លើកដាក់ទំនិញពីសមុទ្រនៅត្រើយម្ខាងទៅសមុទ្រនៅត្រើយម្ខាងទៀត។
នៅពេលសាងសង់រួច ស្ពានលើដីគោកដ៏មហិមានេះ នឹងក្លាយជាកំពង់ផែយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃនិងតំបន់អាស៊ីទាំងមូល ពីព្រោះថា ការដឹកជញ្ជូនទំនិញផ្លូវទឹកដែលពីមុនមកធ្លាប់តែត្រូវធ្វើដំណើរតាមផ្លូវវាងរាប់សិបគីឡូម៉ែត្រ កាត់តាមប្រទេសសិង្ហបុរីនិងច្រកម៉ាឡាការបស់ម៉ាឡេស៊ី ដើម្បីឆ្លងទៅមហាសមុទ្រឥណ្ឌា នឹងប្រែមកជាមានផ្លូវកាត់ដ៏ជិតបង្កើយ គឺកាត់តាមតំបន់ Kra Isthmus របស់ថៃវិញ។
យោងតាមរបាយការណ៍របស់ Bangkok Post នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃដែលទើបឡើងកាន់តំណែងថ្មីបានបញ្ជាឱ្យក្រសួងដឹកជញ្ជូនពន្លឿនបន្តអនុវត្តគម្រោងដ៏ធំមួយនេះឡើងវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបានថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រីថ្មីបានណែនាំក្រសួងដឹកជញ្ជូនឱ្យពន្លឿនគម្រោងនេះដែលបានសិក្សាពីរដ្ឋាភិបាលមុនដោយប្រែក្លាយវាទៅជាគម្រោងធំមួយដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច»។
លោកនាយករដ្ឋមន្ត្រី ស្រេត ថា បានបញ្ជាក់បន្ថែមថា ស្ពានអាកាសនេះនឹងក្លាយជា ស្ពានភ្ជាប់ដ៏សំខាន់សម្រាប់សម្រួលប្រព័ន្ធពស្តុភារនិងប្រព័ន្ធដឹកជញ្ជូនទំនិញរវាងប្រទេសទាំងឡាយនៅជុំវិញតំបន់អាស៊ី ឥណ្ឌា មជ្ឈិមបូព៌ា និងអាហ្វ្រិក”។
ប្រសិនបើគម្រោងនេះសាងសង់រួចរាល់តាមការគ្រោងទុកនៅឆ្នាំ២០៣០ ដំណាក់កាលដំបូង ស្ពានអាកាសដ៏សម្បើមនេះ នឹងអាចទទួលផ្ទុកកុងតឺន័របានរហូតដល់ ១០លានគ្រឿងក្នុងមួយឆ្នាំ នឹងអាចកើនដល់៤០លានគ្រឿងនៅឆ្នាំ២០៤០។
គួររំលឹកថា កាលដំបូងឡើយ រដ្ឋាភិបាលថៃគ្រោងជីកព្រែកក្រាដើម្បីភ្ជាប់សមុទ្រទាំងពីរ ប៉ុន្តែដោយសារជួបបញ្ហាចម្រូសចម្រាស់ច្រើនទាំងផ្នែកបរិស្ថាន និងការមិនសប្បាយចិត្តពីប្រទេសជិតខាង ជាពិសេសពីសំណាក់សិង្ហបុរី និងម៉ាឡេស៊ី ទើបគម្រោងនេះត្រូវបានផ្អាកដំណើរការរហូតមកដល់អាណត្តិនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា កាលពីឆ្នាំ ២០២០ ទើបគម្រោងនេះត្រូវបានស្នើមកជាការធ្វើស្ពានអាកាសភ្ជាប់សមុទ្រទាំងពីរជំនួសវិញ៕
- Video Advertisement -