ដី ២ទីតាំង ទំហំជាង ៣០០ ហិកតា នៅខេត្តកំពង់ស្ពឺ ត្រូវបានដកហូតមកជាសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃចំនួន ២ទីតាំង ទំហំជាង ៣១៥,៥ ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមដីកាលេខ ៥០/២១ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។
ដីទីតាំងទី១ មានទំហំ ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល នៃស្រុកឱរ៉ាល់ ខណៈទីតាំងទី២ មានទំហំ ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ដូចគ្នា។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី២៤ ខែសីហា នេះថា ការដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញនេះ ធ្វើឡើងព្រោះរដ្ឋមើលឃើញថា មានការទន្រ្ទានកាន់កាប់ដីខុសច្បាប់។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។
ទាក់ទិននឹងបញ្ហានេះដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ» ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ។ (អានបន្ថែម)
លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថា សម្រាប់មន្រ្តីខិលខូចដែលឃុកឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុកឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម)