តើគម្រោងរោងចក្រផលិតថាមពលពីកម្ដៅជំនាន់ថ្មីធំបំផុតលើលោកប្រើបច្ចេកវិទ្យាអ្វីខ្លះ?

ក្រុមហ៊ុនអាមេរិក Fervo Energy កាលពីឆ្នាំមុនបានឈ្នះពានរង្វាន់គម្រោងសំណង់ឆ្នើមពីកម្មវិធី Bentley Year in Infrastructure (YII) សម្រាប់ការសាងសង់គម្រោងរោងចក្រផលិតថាមពលពីកម្ដៅក្នុងផែនដីជំនាន់ថ្មីដ៏ធំបំផុតក្នុងពិភពលោក។ តើគម្រោងនេះប្រើបច្ចេកវិទ្យាឌីជីថលអ្វីខ្លះទើបឈ្នះពានរង្វាន់នេះ?

គម្រោង Cape Station ដែលមានទីតាំងនៅ Beaver County រដ្ឋ Utah សហរដ្ឋអាមេរិក គឺរោងចក្រផលិតថាមពលពីកម្ដៅក្នុងផែនដីជំនាន់ថ្មីដ៏ធំបំផុតក្នុងពិភពលោក ដែលប្រើបច្ចេកវិទ្យាវិស្វកម្មឌីជីថលដើម្បីវិភាគ សិក្សា និងគ្រប់គ្រងប្រព័ន្ធភូព្ភសាស្ត្រដ៏ស្មុគស្មាញ ប្រកបដោយភាពជាក់លាក់ខ្ពស់ ដែលមិនធ្លាប់មានពីមុនមក។

ក្រុមហ៊ុនបានប្រើប្រាស់ការរួមបញ្ចូលគ្នានៃកម្មវិធី ៣ គឺ Leapfrog Energy, Oasis montaj និង Seequent Central របស់ Bentley សម្រាប់គម្រោងមួយនេះ។

ជាដំបូង តាមរយៈការប្រើប្រាស់ Leapfrog Energy ក្រុមការងារបានបញ្ចូលសំណុំទិន្នន័យចម្រុះដោយជោគជ័យ ដើម្បីមើលឃើញរូបភាពបរិស្ថានក្រោមដី មុនពេលការខួងដំបូងចាប់ផ្តើម។ សមត្ថភាពក្នុងការព្យាករណ៍នេះ បានក្លាយជាកត្តាចាំបាច់ ខណៈដែលគម្រោងតម្រូវឱ្យខួងកាត់ថ្មគ្រឹះក្រានីត (granitic basement rock) ដែលមានការលំបាកខ្លាំងក្នុងចម្ងាយជាង ១០៥,០០០ ហ្វីត។

ទន្ទឹមនឹងនោះ តាមរយៈការប្រើប្រាស់ Oasis montaj និង Leapfrog ក្រុមការងារអាចបង្កើតម៉ូឌែលពីស្ថានភាពក្រោមដីជាលក្ខណៈ 3D យ៉ាងលម្អិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការរចនារោងចក្រអគ្គិសនីឱ្យមានប្រសិទ្ធភាពបំផុត។

ជាចុងក្រោយ Seequent Central បានផ្តល់នូវប្រព័ន្ធគ្រប់គ្រងរួមមួយ ដែលជួយឱ្យមានការតាមដាន និងការគ្រប់គ្រងទិន្នន័យភូព្ភសាស្ត្រដ៏ធំសម្បើមក្នុងពេលជាក់ស្តែង (real-time) ដែលធានាថាអ្នកពាក់ព័ន្ធទាំងអស់ទទួលបានព័ត៌មានស្របគ្នានៅក្នុងដំណើរការខួងទាំងមូល។

កម្រិតនៃការត្រួតពិនិត្យតាមបែបឌីជីថលនេះ ជួយព្យាករណ៍សីតុណ្ហភាព និងភូព្ភសាស្ត្រយ៉ាងត្រឹមត្រូវ ដែលជាព័ត៌មានដ៏សំខាន់សម្រាប់ការកំណត់ទីតាំងអណ្តូងថាមពលកំដៅក្នុងផែនដីកម្រិតខ្ពស់ចំនួន ២០ កន្លែងក្នុងទម្រង់ដេក។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ Fervo Energy ជោគជ័យក្នុងការខួងអណ្តូង ១០០% នៅទូទាំងចម្ងាយខួងសរុបជាង ២០៤,០០០ ហ្វីត។ វាក៏ជួយឱ្យក្រុមការងារបញ្ចប់ប្រតិបត្តិការខួងដោយចំណាយថវិកាទាបជាងការគ្រោងទុក ១៨% ផងដែរ។

ក្រៅពីនេះ Fervo ថា គម្រោងផ្ដល់ទិន្នផលថាមពល ១០ មេហ្គាវ៉ាត់ពីអណ្តូងតែមួយ ដែលជាតួលេខកើនឡើង ៣ ដង បើធៀបនឹងដំណើរការនៃប្រព័ន្ធថាមពលកំដៅក្នុងផែនដីធម្មតា។

ភាពត្រឹមត្រូវនៃម៉ូឌែលឌីជីថល​ ក៏បានធ្វើឱ្យពេលវេលានៃការអភិវឌ្ឍន៍ខ្លីជាងមុន និងផ្តល់នូវភាពច្បាស់លាស់នៃទិន្នន័យដែលចាំបាច់ ដើម្បីពន្លឿនការផ្តល់ហិរញ្ញប្បទានដល់គម្រោង។

គួរបញ្ជាក់ថា គម្រោងនេះគឺជាសក្ខីភាពមួយបង្ហាញពីរបៀបដែលបច្ចេកវិទ្យាឌីជីអាចផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចនៃថាមពលកកើតឡើងវិញ ដោយរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុកចំនួន ១.១ ពាន់លានដុល្លារក្នុងអំឡុងពេលនៃវដ្តជីវិតរបស់វា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-EU សិក្សាគម្រោងកែច្នៃសំរាមប្លាស្ទិកជាថាមពលអគ្គិសនី តម្លៃជាង២២លានដុល្លារ

រោងចក្រកែច្នៃឡើងវិញដែលបានស្នើឡើងមានគោលបំណងកែច្នៃកាកសំណល […]

គម្រោងថាមពលអគ្គិសនីដើរដោយឧស្ម័ន LNG៖ កម្លាំងចលករថ្មីក្នុងការបង្កើនសន្តិសុខថាមពលនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវផែនការមហិច្ឆតាថ្មីមួយក្ […]