តើអចលនទ្រព្យប្រភេទណាខ្លះដែលជាប់ពន្ធ?

ដោយសារ វិស័យអចលនទ្រព្យ​ មានសន្ទុះខ្លាំងនា    រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  ការយល់ដឹងពីប្រភេទអចលនទ្រព្យដែលជាប់ពន្ធ គឺជារឿងសំខាន់ និងចំាបាច់ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ភ្នាក់ងារគក់ចេដី និងទាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីងាយស្រួលក្នុងការរៀបចំបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន ឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់ច្បាប់ ។ ​​

តើ​អចលនទ្រព្យ​ប្រភេទណា​ខ្លះ​ ដែល​ត្រូវ​ជាប់ពន្ធ?

និយមន័យ “អចលនទ្រព្យ” មានចែងក្នុង មាត្រា ១៣ នៃច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០ ដែលសំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នឹង​ដីនោះ។ នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក និងដែលស្ថិតក្នុងចំណោមប្រភេទខាងក្រោម៖

១​. ដី៖ សំដៅដល់ដីគ្មានសំណង់ និង/ឬ ដីមានសំណង់

២.​ ផ្ទះ៖ សំដៅដល់ទីកន្លែងសម្រាប់ស្នាក់នៅ

៣. អគារ ឬសំណង់ផ្សេងៗ៖ សំដៅដល់អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់ទៅនឹងដី។

ចំណែកឯ អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ គឺជាប្រភេទអចលនទ្រព្យដែលមានតម្លៃត្រឹម ១០០ លានរៀល ឬតិចជាងនេះ។ យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០១០ មិនជាប់ពន្ធនោះទេ ប្រភេទអចលនទ្រព្យ ដែលក្នុងនោះរួមមាន៖

ក. ​ដីកសិកម្ម៖ (ដូចជា ដី​ស្រែ ដី​ចម្ការ​ ដី​កសិដ្ឋាន​ចិញ្ចឹម​សត្វ ឬ​ដីស្រែអំបិល ជាដើម)។​

ប្រសិនបើ ចំណែកណាមួយនៃដីកសិកម្ម ត្រូវបានប្រើប្រាស់សម្រាប់អគារលំនៅឋាន ឬសំណង់ផ្សេងៗ ដែលមិនបម្រើដោយផ្ទាល់ និងជាអចិន្ត្រៃយ៍សម្រាប់សកម្មភាពកសិកម្មទេ នោះចំណែកទាំងនោះមិនត្រូវបានលើកលែងពន្ធអចលនទ្រព្យឡើយ។

ខ. ទ្រព្យសម្បត្តិរដ្ឋ៖ អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋាភិបាល ដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ។

គ. អ​ចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែលដំណើរការសម្រាប់គោលដៅខាងសាសនា និងសប្បុរសធម៌សុទ្ធសាធ លើកលែងតែអចលនទ្រព្យនោះ គ្រាន់តែគេជួល ឬផ្តល់ឱ្យបណ្តោះអាសន្ន និងវាត្រូវបានជួល ឬផ្តល់ឱ្យអ្នកផ្សេង ទៅប្រើប្រាស់ក្រៅគោលដៅសប្បុរស។

ឃ. អចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។

ង. អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្តិ។

ច. ផ្ទះ អគារ ឬសំណង់ដែលកំពុងសាងសង់តិចជាង៨០% និងមិនទាន់ប្រើប្រាស់។ ប៉ុន្តែទោះបីអចលនទ្រព្យ មិនទាន់ប្រើប្រាស់ ដីនៅតែត្រូវជាប់ពន្ធលើអចលនទ្រព្យដដែល។ និង

ឆ.​ អចលនទ្រព្យស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម​។

​​តើអ្នកណា​ជាអ្នក​ត្រូវ​ជាប់បន្ទុក​បង់ពន្ធ​អចលនទ្រព្យ?

យោងតាមច្បាប់ខាងលើ អ្នកជាប់ពន្ធ ដែលសំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធអចលនទ្រព្យតាមប្រភេទនានា ទៅតាមការកំណត់របស់ច្បាប់។ រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងនោះ រួមមាន៖

ក. កម្មសិទ្ធិករ៖ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ដែលចេញដោយរដ្ឋបាលសុរិយោដី។

ខ. អ្នកកាន់កាប់៖ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលគ្មានបណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ដែលចេញដោយរដ្ឋបាលសុរិយោដី។

គ. អ្នកទទួលប្រយោជន៍ចុងក្រោយ៖ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលទទួលនូវសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយ លើអចលនទ្រព្យ។

អ្នកទទួលប្រយោជន៍ចុងក្រោយ អាចជាសន្តតិជន​ គឺជាជនដែលទទួលបានសិទ្ធិ និងករណីកិច្ចលើអចលនទ្រព្យនោះ តាមរយៈការផ្ទេរសិទ្ធិពីឪពុកម្តាយ មកកូនប្រុសស្រីជាដើម។

នេះមានន័យថា ទោះបីជាយើងមិនមែនជាម្ចាស់អចលនទ្រព្យក៏ដោយ ឱ្យតែយើងជាបុគ្គលកាន់កាប់ ឬទទួលអាស្រ័យផលផ្ទាល់លើអចលនទ្រព្យនោះ ក៏ត្រូវជាប់ពន្ធដែរ។

សរុបមក ការកំណត់ប្រភេទអចលនទ្រព្យ ជាប់ពន្ធនៅកម្ពុជា គឺអាស្រ័យទៅតាមទំហំតម្លៃនៃអចលនទ្រព្យនោះ និងទៅតាមប្រភេទកម្មសិទ្ធិ និងការប្រើប្រាស់នៃអចលនទ្រព្យនោះ។ សម្រាប់អ្នកដែលមានអចលនទ្រព្យលើសពី ១០០ លានរៀល មិនសុទ្ធតែត្រូវជាប់ពន្ធលើទ្រព្យនោះទាំងអស់នោះទេ។

ឧទាហរណ៍ថា មីង «ក» មានដីមួយកន្លែងក្នុងខេត្តសៀមរាបទំហំ១ ហិកតា។ គាត់បានសាងសង់ផ្ទះមួយខ្នងបីជាន់សម្រាប់ស្នាក់នៅនៅលើដីកន្លះហិកតា។ ដីកន្លះហិកតាដែលនៅសល់ គាត់យកមកបើកការដ្ឋានកសិកម្មចិញ្ចឹមសត្វ។ ផ្ទះទាំងបីជាន់ក្នុងករណីមានតម្លៃលើ ១០០ លានរៀល និងដីកន្លះហិកតាដែលបានសាងសង់ផ្ទះលើ ត្រូវជាប់ពន្ធអចលនទ្រព្យ។ ចំណែកដីដែលយកមកធ្វើកសិដ្ឋាននោះ មិនជាប់ពន្ធនោះទេ តែអាជីវកម្មនោះ ត្រូវទទួលបានការអនុញ្ញាតពីមន្ទីរ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមបញ្ជាក់ថា អចលនទ្រព្យដែលទុកចោលមិនប្រើប្រាស់ ក៏ត្រូវជាប់ពន្ធដែរ ជាពិសេសដីធ្លី ក្នុងករណីដែលដីនោះ ជាដីដែលគ្មានសំណង់ និងដីដែលមានសំណង់ដែរ តែត្រូវបានបោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយ  “គណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់”៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]