ទុនពីបរទេសជាង$២៥ពាន់លាន ក្នុងឆ្នាំ២០២៤ កំពុងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅវៀតណាមសម្រាប់ឆ្នាំ២០២៥

វិស័យអចលនៈទ្រព្យរបស់ប្រទេសវៀតណាម បានងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ ២០២៥ ដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) ២៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងប្រមាណ ៩,៤% នៃអត្រាប្រចាំឆ្នាំ រួមជាមួយនឹងភាពប្រសើរឡើងនៃអារម្មណ៍ វិនិយោគិន ការកាត់បន្ថយការចំណាយសងថ្លៃកម្ចី និងការកើនឡើងបរិមាណប្រតិបត្តិការ នៅទូទាំងទីផ្សារទ្រព្យសកម្មស្នូល។ នេះបើយោងតាមការព្យាករក្នុងរបាយការណ៍បច្ចុប្បន្នភាពទិដ្ឋភាពទីផ្សារអចលនទ្រព្យវៀតណាម ២០២៥ ដោយក្រុមហ៊ុន JLL និងបានចុះផ្សាយ នៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៥។

អ្នកវិភាគមកពីក្រុមហ៊ុន JLL បានគូសបញ្ជាក់ថា ទិដ្ឋភាពវិនិយោគដ៏ចាស់ទុំរបស់វៀតណាម ត្រូវបានជំរុញដោយការពង្រីកចលករសេដ្ឋកិច្ចវណ្ណៈកណ្តាលរបស់ខ្លួន ការធ្វើកំណែទម្រង់ស៊ីជម្រៅ ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគ។

លោក Trang Lê នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាម បន្តកើនឡើងចំពេលមានការប្រែប្រួលទីផ្សារ យើងកំពុងមើលឃើញទិដ្ឋភាពវិនិយោគប្រសើរឡើង វណ្ណៈកណ្តាលដែលកំពុងកើនឡើង និងមូលដ្ឋានវិនិយោគិនកាន់តែទំនើប”។

ជាមួយនឹងការកែលម្អរចនាសម្ព័ន្ធ និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិ ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងមានការវិវឌ្ឍវិស័យអចលនទ្រព្យវៀតណាមដល់ចំណុចរបត់មួយ ដែលនឹងមានលំហូរ នៃកិច្ចព្រមព្រៀងថ្មីជាច្រើន និងសន្ទុះនៃគម្រោងនៅក្នុងវិស័យអភិវឌ្ឍលំនៅដ្ឋាន ការិយាល័យ និងផ្នែកឧស្សាហកម្ម។

ទីផ្សារអគារការិយាល័យរបស់ប្រទេសវៀតណាម បានបង្ហាញពីសញ្ញានៃការងើបឡើងវិញយ៉ាងច្បាស់ ជាមួយនឹងការស្រូបយកអគារការិយាល័យថ្មីៗដោយតម្រូវការទីផ្សារ មានលើសពី ៤៣,000 ម៉ែត្រការ៉េក្នុងឆ្នាំ ២០២៤។ ចំណូលចិត្តរបស់អ្នកកាន់កាប់ ក៏កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដោយទីតាំងគម្រោងដែលមានការបញ្ជាក់វិញ្ញាបនបត្របៃតង និងចីរភាព កំពុងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តជួលរបស់អតិថិជន។

លោក Will Tran ប្រធានផ្នែកទីប្រឹក្សាភតិសន្យាអគារការិយាល័យប្រចាំនៅ JLL Vietnam មានប្រសាសន៍ថា “អ្នកកាន់កាប់សហសម័យនេះ  កំពុងបង្កើនភាពទាក់ទាញឆ្ពោះទៅរកកន្លែងធ្វើការ ដែលទំនើបបំផុត និងមានសមត្ថភាពខ្ពស់ ដែលមិនត្រឹមតែជួយពង្រឹងផលិតភាពប៉ុណ្ណោះទេ ថែមទាំងមានប្រៀបលើគេលើផ្នែកចីរភាពដែរ”។

ជាក់ស្តែងនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលនៃទីក្រុងហូជីមិញ តម្រូវការអគារការិយាល័យ មានការ កើនឡើង ១,៣% នៃអត្រាប្រចាំឆ្នាំ នេះបើគិតតែពីការជួលអគារការិយាល័យលំដាប់ A និង A+ ។

ផ្នែកលំនៅដ្ឋានដែលប្រឈមមុខនឹងការផ្គត់ផ្គង់ទាបបំផុតក្នុងឆ្នាំ២០២៤ ក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញផងដែរ ដោយសារការកែប្រែបទប្បញ្ញត្តិថ្មីសម្រួលការអនុម័តគម្រោង និងបង្កើនតម្លាភាពទីផ្សារ។ អ្នកអភិវឌ្ឍន៍ធំៗ កំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍មិនត្រឹមតែទៅកាន់ មជ្ឈមណ្ឌលទីក្រុងបែបប្រពៃណីដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅកាន់តំបន់រណបដែលកំពុងរីកចម្រើន ដែលតម្រូវការលំនៅដ្ឋានត្រូវបានគេរំពឹងថា នឹងកើនឡើង។ តំបន់ទាំងនេះ ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថាជាជម្រើស ដែលអាចសម្រេចបាន ចំពេលមានការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ និងផលប៉ះពាល់នៃការរីកសាយ ទីក្រុង។

ដោយឡែកចំពោះវិស័យ អចលនទ្រព្យឧស្សាហកម្ម និងភស្តុភារនៅតែជាម៉ាស៊ីនកំណើនដ៏លេចធ្លោ របស់វៀតណាម ដែលដំណើរការដោយទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ការចូលរួមនៅក្នុងយុទ្ធសាស្រ្ត China+1 និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។

យោងតាមលោក Vân Nguyễn ប្រធានប្រតិបតិ្តការប្រចាំនៅវៀតណាមខាងជើងរបស់ក្រុមហ៊ុន JLL បានឲ្យដឹងថា “ទីផ្សារដឹកជញ្ជូន និងឧស្សាហកម្មរបស់វៀតណាមកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស… នឹងបានពង្រីកខ្លួនហួសពីគ្រាន់តែជាមជ្ឈមណ្ឌលប្រពៃណី ដែលជំរុញដោយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់ និងបរិស្ថានមេត្រី”។

ជាមួយនឹងសន្ទុះនាំមុខគេលើវិស័យផលិតកម្ម និងលំហូរ FDI ទៅលើវិស័យអចលនទ្រព្យ ការកើនឡើងភាពលេចធ្លោរបស់ប្រទេសវៀតណាម នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បន្តទាក់ទាញការវិនិយោគឧស្សាហកម្ម និងភស្តុភារទ្រង់ទ្រាយធំ ដោយពង្រឹងកេរ្តិ៍ឈ្មោះ របស់ខ្លួនជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុតមួយរបស់អាស៊ីអាគ្នេយ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]