ប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាន ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង (សំដៅដល់ការជួលដី ឬអគារក្នុងរយៈពេលពី ១៥ ឆ្នាំឡើងទៅ) ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។

អាជីវកម្មទាំងអស់នេះ គឺជាអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវបានបែងចែកជាបីប្រភេទ គឺ ១) អាជីវកម្មនៃការអភិវឌ្ឍលំនៅឋាន ដែលសាងសង់ផ្ទះល្វែង និងភូមិគ្រឹះ សម្រាប់លក់ ២) អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ គឺសំដៅដល់ការធ្វើអាជីវកម្មលើអគារ ឬសំណង់ដូចជា ខុនដូ​ អគារការិយាល័យ និងអគារផ្សារជាដើម ដែលមានម្ចាស់ច្រើននាក់រស់នៅ ឬអាស្រ័យផលនិង ៣) អាជីវកម្មអភិវឌ្ឍដីឡូតិ៍ សម្រាប់ពុះលក់។​

ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុ មានពីរប្រភេទ គឺអ្នកអភិវឌ្ឍន៍អចលនវត្ថុជារូបវន្តបុគ្គល និងអ្នកអភិវឌ្ឍន៍អចលនវត្ថុជានីតិបុគ្គល។ អ្នកអភិវឌ្ឍន៍អចលនវត្ថុជារូបវន្តបុគ្គល ជាមនុស្សម្នាក់ ដែលធ្វើអាជីវកម្មលើអចលនវត្ថុណាមួយខាងលើ ឬរកស៊ីផ្នែកអចលនវត្ថុ តែមិនអចិន្ត្រៃយ៍ទេ។ ចំណែកឯ អ្នកអភិវឌ្ឍន៍អចលនវត្ថុជានីតិបុគ្គល ជាក្រុមមនុស្ស ឬក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យណាមួយ ធ្វើអាជីវកម្ម (ជួល ឬលក់) អចលនវត្ថុណាមួយខាងលើ ក្នុងរយៈពេលវែង។

បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំលើសពី ៣០ ល្វែង ឬលើសពី ៣០​ ភូមិគ្រឹះ ឬលើសពី ៣០ យូនីត ឬសម្រាប់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដែលមានទំហំ​ចាប់ពី ១០ ០០០ ម៉ែត្រការ៉េ (មួយហិកតា) ឡើងទៅ ត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំណែក បុគ្គល ឬក្រុមហ៊ុនណា ដែលមានបំណងចង់បើកអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំចាប់ពី០៤ ទៅ ៣០ ល្វែង ឬចាប់ពី០៣ ទៅ ៣០​ភូមិគ្រឹះ ឬចាប់ពី ០៤ ទៅ ៣០ យូនីត ឬសម្រាប់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដែលមានទំហំ​ក្រោម ១០ ០០០ ម៉ែត្រការ៉េ (មួយហិកតា) ត្រូវស្នើសុំលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូតិ៍ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។

គួរបញ្ជាក់ថា អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ចែកចេញជាពីរប្រភេទគឺ៖ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ១ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់។ រីឯអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទ២ សម្រាប់ផ្តល់ជូនបុគ្គល ឬក្រុមហ៊ុនណា ដែលសាងសង់គម្រោងបណ្តើរ និងប្រកាសលក់បណ្តើរ។

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតមួយ ផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។ បើគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមួយ បែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ត្រូវបានផ្តល់ជូនសម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះតែប៉ុណ្ណោះ។ ដូចនេះ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវតែមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម អាស្រ័យទៅតាមប្រភេទ និងទំហំ​នៃការអភិវឌ្ឍអចលនវត្ថុនោះ។ នេះបើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក​ ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។​

ការមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជាការធានានូវភាពស្មើគ្នានៃផលប្រយោជន៍ រវាងអ្នកអភិវឌ្ឃ និងអ្នកប្រើប្រាស់ ហើយរួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]