ផ្លូវជាតិលេខ១០ ប្រវែងជាង១៩៧គ.ម សម្រេចការសាងសង់ ១០០%ហើយ
ការសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧,៣៦ គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ បច្ចុប្បន្នផ្លូវនេះ បានដំណើរការយ៉ាងពេញលេញ និងបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមអ្នកបច្ចេកទេសជំនាញ ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ និងគោរពតាមស្តង់ដារបច្ចេកទេស។
នេះបើយោងតាមដំណើរចុះត្រួតពិនិត្យលម្អិត មុននឹងពិធីប្រគល់-ទទួល ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ជាមួយក្រុមសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ខាន់ ម៉ាណេរ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់ និងក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ ខណៈឯកឧត្តមក៏សូមឱ្យបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវជាដើម។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏ស្នើឱ្យបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ លើសពីនេះក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងអនុវត្តឱ្យបានរួចរាល់ក្នុងរយៈពេលបីខែទៀត ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕ (អានបន្ថែម)
- Video Advertisement -