ព្រលានយន្តហោះសៀមរាបថ្មី បើកទទួលយន្តហោះពាណិជ្ជកម្មដំបូងរបស់ខ្លួនជាផ្លូវការហើយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅថ្ងៃទី១៦ តុលា ២០២៣ នេះហើយ។​

ពិធីបើកដំណើរការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។

គួរបញ្ជាក់ថា មុនពេលបើកទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យជាច្រើនលើក ច្រើនសាររួចមកហើយ ក្នុងនោះដែរក៏មានការចូលរួមសាកល្បងដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម)

គួររម្លឹកថា ដំបូងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) គ្រោងប្រើដើមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារប៉ុណ្ណោះកាលពីឆ្នំា២០១៩ ប៉ុន្តែតម្រូវការជាក់ស្តែងបានកើនឡើងរហូតដល់ ១.១០០លានដុល្លារ នៅឆ្នាំ២០២២ ដែលនេះជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ ឆ្នាំ។។ (អានបន្ថែម)

អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅលើផ្ទៃដីប្រមាណ ៧០០ហិកតា ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយ ៤០គីទ្បូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

គួរបញ្ជាក់ទៀតថា អាកាសយាន្តដ្ឋានថ្មីនេះ មានសមត្ថភាពអាចផ្ទុកទំនិញតាមផ្លូវអាកាសបាន ១ម៉ឺនតោន ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ និង ២៦.០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥.៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២.៧០០ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០។

ជាមួយគ្នានេះដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ រដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ផ្លូវល្បឿនលឿនប្រវែង ២៤,៥គីឡូម៉ែត្រ ដើម្បីតភ្ជាប់ពីអាកាសយានដ្ឋាន មកផ្លូវជាតិលេខ៦ ក្រោមទុនវិនិយោគ ៩៥លានដុល្លារ ផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់បន្ថែមថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយាន្តដ្ឋានថ្មីនេះនឹងត្រូវសម្ពោធបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៦ វិច្ឆិកា ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]