រដ្ឋគ្រោងសង់រោងចក្រទឹកស្អាតធំមួយ ដើម្បីផ្គត់ផ្គង់ដល់ខេត្តបីនៅភាគខាងកើតនៃប្រទេសកម្ពុជា
បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) បាននិងកំពុងសិក្សាពីសមិទ្ធិលទ្ធភាពលើគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសំខាន់ៗបីនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយគ្រោងនឹងបញ្ចប់ដំណើរការសិក្សានៅចុងខែឧសភាខាងមុខនេះហើយ។ នេះបើតាមជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូក្រុមហ៊ុនCCECC កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
លោក Tony Wong អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC បានឱ្យដឹងថា ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន។
លោកបន្ថែមថា អ្នកបច្ចេកទេស និងជំនាញការរបស់ចិននឹងមកដល់ម្ពុជានៅចុងខែនេះ។ ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា គម្រោងដ៏ធំនេះ នឹងឱ្យប្រជាពលរដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេសនៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក និងការរោយម្សៅព័ណ៌ទឹកក្រូច ដើម្បីជម្រុះស្លឹកឈើ ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិកទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយយកប្រភពទឹកពីអាងទន្លេមគង្គ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំនេះ នឹងអាចរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះជាដើម ដែលមានតម្រូវការទឹកស្អាតប្រមាណ ៣០ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ រួចផុតពីការប្រើប្រាស់ប្រភពទឹកក្រោមដី ឬទឹកស្រះ បឹងបួរ ដែលសម្បូរណ៍ដោយជាតិពុលគីមី និងមេរោគផ្សេងៗបន្សល់ពីសម័យសង្គ្រាម និងសកម្មភាពមនុស្សនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនCCECC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងកិច្ចសហប្រតិបត្តិការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅតំបន់ជុំវិញនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបង។
- Video Advertisement -