រដ្ឋបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទំហំជាង ៣ហិកតា នៅខេត្តត្បូងឃ្មុំ

​ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំលើទំហំដីជាង ៣ហិកតាក្នុងខេត្តត្បូងឃ្មុំ។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។​​

ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ នេះ បានសាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ក្រោមថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ជាងនេះទៅទៀត  ថ្នាលបណ្ដុះកូនឈើដ៏ធំមួយនេះ នឹងមានបំពាក់ប្រព័ន្ធស្រោចស្រពដោយប្រើថាមពលពន្លឺព្រះអាទិត្យ។

គួរបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើនេះ នឹងមានសមត្ថភាពបណ្តុះកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើនពោល គឺបង្កើនគម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាលដែលកំពុងជំរុញឱ្យបានចំនួន ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។

ថ្លែងក្នុងពិធីបើកការដ្ឋានខាងលើ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលនឹងបន្តបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ថ្នាលបណ្តុះកូនឈើនេះ រួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។

ទន្ទឹមនឹងនេះ លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងដែរ​ថា UNDP គាំទ្រយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន ១លានដើម ដើ​ម្បី​អនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន​។

ជាមួយគ្នានេះដែរ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា ក៏បានបញ្ជាក់ថា ក្រុមហ៊ុន​ បានចូលរួមមួយចំណែកនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រា​ស់​ថា​មពលពន្លឺព្រះអាទិត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែ​លកា​ត់​បន្ថយការបំពុលបរិស្ថានផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]