រដ្ឋប្រកាសដីជាង ១២៥ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ហិកតា និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» ដែលមានចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។
ការសម្រេចបង្កើតនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន «នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់របស់កម្ពុជា។
ក្នុងនោះ ទីតាំងទាំង ៩កន្លែងដែលត្រូវបានបង្កើត មានឈ្មោះនិងទំហំផ្ទៃដី ដូចខាងក្រោម៖
១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ១០១,៤១១៩ហិកតា
២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា
៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា
៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា
៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា
៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា
៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា។
៨- ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំ២,៥២៦៤ហិកតា
៩- មណ្ឌលមុនីស្ថានតាមសភ្នំតូច មានផ្ទៃដីទំហំ៥,៧៦៧៩ហិកតា។
បន្ថែមពីនេះ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង និងសហគមន៍មូលដ្ឋាន ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបាន គង់វង្ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ដោយឡែក រដ្ឋបាលខេត្តព្រៃវែង ត្រូវបង្កើតក្រុមការងារអចិន្ត្រៃយ៍ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលមានមន្ទីរបរិស្ថាននិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ជាលេខាធិការដ្ឋាន។
ក្រុមការងារអចិន្ត្រៃយ៍មានតួនាទីដឹកនាំ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
- Video Advertisement -