រដ្ឋាភិបាលថៃថ្មីចង់ប្តូរយុទ្ធសាស្ត្រចរចាបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា ដោយផ្តោតលើ…

រដ្ឋាភិបាល​ថៃ​ថ្មី ​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការចង់ចរចាជាមួយកម្ពុជាទាក់ទង​នឹង​តំបន់​ព្រំដែន​សមុទ្រខ្មែរថៃដែលត្រួតស៊ីគ្នា។ ប៉ុន្តែក្នុងការចរចាជាថ្មីនេះ ថៃនឹងប្តូរយុទ្ធសាស្ត្រចរចាពីការផ្តោតលើការទាមទារបោះបង្គោលព្រំដែនសមុទ្រដែលមិនដាច់ស្រេចកាលពីមុន មកជាការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជាវិញ ដែលយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានគេមើលឃើញថា ជាចក្ខុវិស័យថ្មីមួយរបស់រដ្ឋាភិបាលថៃថ្មី និងដែលធ្វើឡើងមិនយូរប៉ុន្មានក្រោយពីលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ដឹកនាំប្រទេស។

យោងតាមសារព័ត៌មានរដ្ឋថៃ Thai PBS World ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Pirapan Salirathavibhaga បានបង្ហាញទស្សនៈថ្មីនេះ។ លោករដ្ឋមន្ត្រី Pirapan បានបញ្ជាក់ថា ប្រទេសថៃនឹងផ្តោតលើយុទ្ធសាស្ត្ររបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍធនធានប្រេងរួមគ្នាជាមួយកម្ពុជា ជាជាងបន្តកិច្ចពិភាក្សាស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ គណៈកម្មការថ្មីមួយនឹងត្រូវបានបង្កើតឡើង ដើម្បីជំរុញការពិភាក្សាទាំងនេះបន្តទៅមុខទៀត។

លោករដ្ឋមន្ត្រី Pirapan បានទទួលស្គាល់យ៉ាងចំៗថា ការដោះស្រាយជម្លោះដែនទឹក នៅតំបន់សមុទ្រ គឺជាដំណើរការដ៏ស្មុគស្មាញ និងត្រូវចាយពេលវេលាយូរ ដោយសារប្រទេសទាំងពីរ មិនថាភាគីថៃឬខ្មែរនោះទេ គឺសុទ្ធតែមិនអាចបោះបង់ការទាមទារព្រំដែនរបស់ខ្លួន ដោយស្រួលៗបាននោះទេ។

តំបន់ដែនសមុទ្រត្រួតស៊ីគ្នារវាងខ្មែរថៃ គឺជាតំបន់ដែលថៃ និងកម្ពុជា ធ្លាប់បានចរចាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនទឹកនេះ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ ការចរចាទាំងនេះ ទាក់ទងនឹងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលលាតសន្ធឹងលើផ្ទៃទឹកទំហំប្រមាណ ២៦.០០០ គីឡូម៉ែត្រការ៉េ ហើយត្រូវបានគេប៉ាន់ស្មានថាមានស្តុកប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានសក្តានុពលរហូតដល់ ៥០០ លានបារ៉ែលនៅក្រោមបាតសមុទ្រ។ ការទាញយកធនធានធម្មជាតិទាំងនេះ ត្រូវបានគេរំពឹងថានឹងជាដំណើរការដ៏យូរមួយ ដែលត្រូវចំណាយពេលពេលយ៉ាងតិចណាស់ក៏ប្រាំបីឆ្នាំដែរ។

ការផ្លាស់ប្តូរវិធីសាស្រ្តនេះ គូសបញ្ជាក់អំពីលក្ខណៈស្មុគស្មាញនៃការដោះស្រាយព្រំដែនរវាងប្រទេស ខណៈដែលប្រទេសទាំងពីរសុទ្ធតែត្រូវប្រឈមនឹងបញ្ហារួមមួយដូចគ្នានោះគឺ ការរក្សាតុល្យភាពរវាងការទាញផលប្រយោជន៍ពីធនធានសមុទ្រដ៏សន្ធឹកសន្ធាប់ ជាមួយនឹងបញ្ហាអធិបតេយ្យភាពជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]