រដ្ឋាភិបាល Zambia សម្រេចចុះកិច្ចព្រមព្រៀងជាមួយចិន ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងឆៅតម្លៃជាង $១ពាន់លាន
ថ្មីៗនេះ រដ្ឋាភិបាល Zambia បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន២ ជាមួយក្រុមហ៊ុនចិន ដើម្បីវិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងឆៅតម្លៃ ១,១ពាន់លានដុល្លារ, និងគម្រោងវិនិយោគដាំដុះ និងកែច្នៃដំឡូងមី ខ្នាតយក្ស ទៅជាសារធាតុគីមីផ្សេងៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម (IDC) ។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយ នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម (IDC) របស់ប្រទេសអាហ្វ្រិកខាងត្បូងគឺលោក Cornwell Muleya និងប្រធានក្រុមហ៊ុន Fujian Xiang Xin Corp។
បើតាមផែនការ រោងចក្រចម្រាញ់ប្រេងដ៏ធំនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងទីក្រុង Ndola ដែលជាទីក្រុងធំទីបីរបស់ប្រទេស Zambia។ ក្រោយសាងសង់រួចគេរំពឹងថា វានឹងមានសមត្ថភាពចម្រាញ់ប្រេងឆៅបានរហូតដល់ ៣លានតោន ក្នុងមួយឆ្នាំ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស Zambia។
គួរបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំសម្បើមនេះនឹងជួយបង្កើតការងារបានចំនួន ២.២០០កន្លែង ក្នុងដំណាក់កាលសាងសង់, ក្រោយបញ្ចប់ការសាងសង់ គេរំពឹងថារោងចក្រនេះនឹងអាចបង្កើតការងារបានចំនួន ៦០០កន្លែង ក្នុងអំឡុងប្រតិបត្តិការ រួមជាមួយការងារដោយប្រយោលប្រមាណ ២.២០០កន្លែងថែមទៀត។
ជាការកត់សម្គាល់ លើសពីការផលិតប្រេងឥន្ធនៈ រោងចក្រចម្រាញ់ប្រេងឆៅនេះក៏នឹងរួមបញ្ចូលផងដែរនូវបរិក្ខារសម្រាប់ដាក់ដប LPG, ការផលិតប៊ីតុង, ការលាយប្រេងរំអិល និងរោងចក្រផលិតថាមពលទំហំ ១៣០មេហ្កាវ៉ាត់ ដែលនឹងរួមចំណែកថាមពលអគ្គិសនី ១០០មេហ្កាវ៉ាត់ ដល់បណ្តាញជាតិផងដែរ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងជួយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្តុកថ្មី, ការកែលម្អផ្លូវដែក និងការផ្គត់ផ្គង់ដល់ឧស្សាហកម្មដូចជា សម្ភារៈផ្លាស្ទិច សម្ភារៈផលិត និងសារធាតុចិញ្ចឹម។
នាឱកាសនោះ លោក Muleya បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីពីរជាមួយនិងតំណាងក្រុមហ៊ុន PowerChina សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលកសិកម្ម Circular Circular Agro-Industrial Hub ។ គម្រោងនេះផ្តោតលើការដាំដុះដំឡូងមីខ្នាតធំ និងការកែច្នៃដំណាំទៅជាសារធាតុគីមីដូចជា អេតាណុល មេតាណុល និងភីរីមីឌីន ដែលត្រូវបានប្រើក្នុងការផលិតគីមីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីពាក់ព័ន្ធ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ការវិនិយោគនេះ “ត្រូវបានគេព្យាករណ៍ថានឹងបង្កើតការងារក្នុបវិស័យឧស្សាហកម្មបានប្រមាណ ១.១០០កន្លែង និងការងារកសិកម្មប្រមាណ ២០.០០០កន្លែង ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការងារ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងប្រទេស Zambia” ។
- Video Advertisement -