រយៈពេល ២៤ឆ្នាំ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង ស្មើនឹង ៧៨,៩៦ពាន់លានដុល្លារ
ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យសំណង់របស់ខ្លួន ដោយបានចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង គិតជាទុនវិនិយោគមានប្រមាណជិត ៧៩ពាន់លានដុល្លារ នេះបើចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញក្នុងរបាយការណ៍សន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរយៈរបាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល២៤ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៦៧.៦៩៦គម្រោង នៅទូទាំងប្រទេស ដោយគ្របដណ្តប់លើផ្ទៃដីសំណង់ដ៏ធំចំនួន ១៩៩.៤៥៥.៤៤០ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៧៨.៩៦៩.៧៦៦.១២៩ដុល្លារ។
ប្រភពដដែលបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ តែមួយ ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិបានចេញលិខិតអនុញ្ញាតសម្រាប់គម្រោងថ្មីចំនួន ២.៦២២គម្រោង ដែលគ្របដណ្ដប់លើផ្ទៃដីសំណង់សរុប ១០.៤៤៧.០៤២ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៤.៣៣៤.៤៨៦.៧៥៤ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេមើលឃើញថាមានការថយចុះពីឆ្នាំ២០២៣ ដែលមានគម្រោងថ្មីរហូតដល់ ២.៩២៤គម្រោង គ្របដណ្តប់លើផ្ទៃក្រឡាសំណង់ចំនួន ១២.៣៣៥. ០៤៣ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៥.១០៩.៤៧១.០២២ដុល្លារ ថយចុះ១៥,១៧%។
លើសពីនេះ ក្នុងរយៈពេល ២៤ឆ្នាំនេះដែល រដ្ឋបានចេញលិខិតអនុញ្ញាតសម្រាប់ការបើកការដ្ឋានសាងសង់បានចំនួន ២,៨០០គម្រោង, សម្រាប់ការបិទគម្រោងចំនួន ១,៣៤៤គម្រោង និងសម្រាប់ការជួសជុលចំនួន ២២៨គម្រោង។ ជាការកត់សម្គាល់ រដ្ឋាភិបាលក៏បានផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់បានចំនួន ១០៩គម្រោង ស្មើនឹង ៣៣៥សន្លឹកវិញ្ញាបនបត្រ។
ការអភិវឌ្ឍន៍ដែលកំពុងបន្តក្នុងវិស័យសំណង់ឆ្លុះបញ្ចាំងពីការវិនិយោគ និងកំណើនជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការពង្រីកសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។
- Video Advertisement -