រោងចក្រទឹកស្អាតដ៏ធំតម្លៃជាង ១៤០លានដុល្លារ នៅសៀមរាបនិងកំពង់ធំ បើកដំណើរការជាផ្លូវការហើយ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅសង្កាត់ជ្រាវ ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្ត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមចម ប្រសិទ្ធ បានឱ្យដឹងថា នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ ១៥លានដុល្លារ សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ។
ឯកឧត្តមបានបន្ថែមថា ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបបានកើនឡើងជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលបានកម្ចីបន្ថែមពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ក្នុងទំហំទឹកប្រាក់សរុប ៧ពាន់១៦១លានយ៉េន ស្មើនឹងជាង ៥១លានដុល្លារ ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប។
ចំពោះរោងចក្រផលិតទឹកស្អាតថ្មី ជ្រាវសៀមរាបនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាសរុបអស់ប្រមាណ ១១៥លានដុល្លារ ដោយមានសមត្ថភាពផលិតទឹកស្អាតបាន ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្រ។ (អានបន្ថែម)
ដោយឡែក រោងចក្រប្រពឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសាងសង់ដោយប្រើប្រាស់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃ ២៨,៥លានដុល្លាអាមេរិក ដែលមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៧.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយមានប្រព័ន្ធបណ្តាញទឹកស្អាតប្រវែង ១៥២ គ.ម។ (អានបន្ថែម)
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលនយោបាយលើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥។
ខណៈបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១,២លានគ្រួសារ គឺកើនឡើង ៥៣,៨% ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូបតែប៉ុណ្ណោះ។




- Video Advertisement -