រោងចក្រធ្យូងថ្មតម្លៃ១,៧ ពាន់លានដុល្លារនៅសេកុង គ្រោងនឹងលក់ថាមពលមកកម្ពុជា

ក្រុមហ៊ុន Evolution Power Investment Corporation (EPIC) របស់សាំងហ្គាពួរ ទើបតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលឡាវ ដើម្បីអភិវឌ្ឍរោងចក្រថាមពលធ្យូងថ្មថ្មីតម្លៃ ១,៧ ពាន់លានដុល្លារនៅខេត្តសេកុង ជាប់ទល់ដែនកម្ពុជា។ តាមសេចក្តីរាយការណ៍របស់ ASEAN Today នៅដើមខែនេះ រោងចក្រនេះ នឹងផលិតថាមពលបាន ១០០០ មេហ្គាវ៉ាត់ ហើយទំនងជានឹងត្រូវដំណើរការដោយធ្យូងថ្មដែលផ្គត់ផ្គង់ពីក្នុងស្រុកផ្ទាល់តែម្តង។

ថាមពលដែលបានមកពីរោងចក្រថ្មីនេះ ត្រូវបានគេរាយការណ៍ថានឹងត្រូវនាំចេញទៅប្រទេសថៃ វៀតណាម និងកម្ពុជា។

គួរកត់សម្គាល់ថា ការប្រកាសសាងសង់រោងចក្រសេកុងថ្មីនេះ បានកើតឡើងបន្ទាប់ពីប្រទេសកម្ពុជាទើបនឹងបានចុះកិច្ចព្រមព្រៀង “ការនាំចេញថាមពលធ្យូងថ្ម” ជាមួយឡាវ កាលពីខែ ៩ ឆ្នាំមុននេះ។

យោងតាមកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាយល់ព្រមទិញថាមពលអគ្គិសនីប្រមាណជា ២៤០០ មេហ្កាវ៉ាត់ក្នុងនោះ ថាមពលធ្យូងថ្ម ១.៨០០ មេហ្គាវ៉ាត់ពីប្រភពដែលដំណើរការដោយក្រុមហ៊ុន Xekong Thermal Power Plant Company និងថាមពល ៦០០ មេហ្កាវ៉ាត់ទៀត ពីរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន LimitedTSBP Sekong Power and Mineral Company Limited។

ប្រភពដដែល បានផ្តល់នូវការប៉ាន់ប្រមាណអំពីសក្តានុពលធ្យូងថ្មរបស់ឡាវ ដែលមានប្រហែល ៦០០ ទៅ ៧០០ លានតោន ដែលភាគច្រើនគឺជាប្រភេទធ្យូងលីហ្គណាយថ៍ ដែលជាប្រភពថាមពល ដែលមានលក្ខណៈបំពុលបរិយាកាសខ្លាំងមួយ នៅលើពិភពលោក។

ទាក់ទងនឹងការរិះគន់មួយចំនួន អំពីថាតើ រដ្ឋាភិបាលឡាវ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីគម្រោងនេះ ប្រសិនបើធៀបនឹងផលប៉ះពាល់បរិស្ថាន និងការចំណាយទៅលើគម្រោងនេះ ក្រុមហ៊ុនឡាវ Khounmixay Bridge and Road Construction and Repair Company (KMX) ដែលទើបតែចុះហត្ថលេខា ជាមួយក្រុមហ៊ុន EPIC ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ បានឆ្លើយថា វាអាស្រ័យលើការប្រើប្រាស់បច្ចេកវិទ្យា។

លោក Khamthanh Phommathat អនុប្រធានក្រុមហ៊ុន KMX បាននិយាយថា “ថាមពលកម្តៅដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ប្រភពថាមពលចម្រុះ សម្រាប់ទីផ្សារតំបន់អាស៊ាន។ វាពិតជាសំខាន់ខ្លាំងណាស់ប្រសិនបើយើងអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីអាចកាត់បន្ថយផលប៉ះពាល់នេះបាន”។

ទន្ទឹមនឹងគម្រោងថាមពលធ្យូងថ្មសេកុង កំពុងបន្តទៅមុខ ហើយក្រុមហ៊ុន KMX កំពុងសិក្សាលើសមិទ្ធិលទ្ធភាពនៃការអនុវត្តគម្រោងនេះ សំណួរដដែល ដែលបានលើកឡើងចាប់តាំងពីក្រោយចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងថាមពលធ្យូងថ្មឡាវ – កម្ពុជា” កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងផលប៉ះពាល់បរិស្ថាន និងភាពអាចរកបាននៃព័ត៌មានអំពីរោងចក្រធ្យូងថ្មនេះ នៅតែមានការលើកឡើងក្នុងចំណោមមហាជន៕

(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេ […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលស […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]