រោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃ ២៥៣លានដុល្លារ នៅបាត់ដំបង សម្រេចការសាងសង់បាន ៨៥%
គិតមកដល់ពេលនេះ រោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបង តម្លៃ ២៥៣លានដុល្លារ សម្រេចការសាងសង់បានប្រមាណ ៨៥% ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេប៊ុករបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។
អ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានបញ្ជាក់ឱ្យដឹងថា គម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២នេះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងលើផ្ទៃដី ៤០៧ហិចតា និងមានទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារ ដែលនេះជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន។
គួរបញ្ជាក់ថា ក្រោយបញ្ជប់ការសាងសង់ រោងចក្រមួយនេះអាចផលិតស៊ីម៉ង់ត៍បានចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។
អ្នកឧកញ៉ាបន្តថា គម្រោងនេះ ត្រូវបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយបើគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ បើតាមផែនការគម្រោងនេះនឹងបញ្ចប់ការសាងសង់ និងឈានដល់ការចាប់ផ្តើមផលិតស៊ីម៉ង់ត៍ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
គួររំលឹកថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៦ ក្នុងនោះមានរោងចក្រចំនួន៥ កំពុងដំណើរការ ដោយអាចផលិតស៊ីម៉ង់ត៍សរុបបានប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។
រោងចក្រផលិតស៊ីម៉ងត៍ទាំង៥ ដែលកំពុងដំណើរការនោះ រួមមាន ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន កំពតស៊ីមេន, ក្រុមហ៊ុន ស៊ីម៉ងត៍ចក្រីទីង, ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន និង ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។
ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ខនស៍ ក៏បានចាត់ទុកថា តាមរយៈគម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបងនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធជូនរដ្ឋ និងការផ្តល់ជូនការងារដល់យុវជនកម្ពុជាផងដែរ៕
- Video Advertisement -