រ៉ូយាល់ ហ្គ្រុប កំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល
ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីអាចទទួលវិនិយោគថ្មីៗបន្ថែមទៀតបាននៅក្នុងឆ្នាំនេះតែម្តង។
បន្ថែមពីនេះ នៅពេលប្រតិបត្តិការពេញលេញ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) ដែលរំពឹងទុកថា នឹងអាចបង្កើតការងារបានប្រមាណ ២ម៉ឺនកន្លែងជូនប្រពលរដ្ឋកម្ពុជា។
ទន្ទឹមនឹងគម្រោងថ្មីនេះដែរ ក្នុងឆ្នាំ២០២៤ នេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏គ្រោងនឹងបើកដំណើរការរោងចក្រតម្លើងរថយន្តម៉ាកតូយ៉ូតា របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd., ហើយគ្រោងនឹងបើកដំណើរការក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd., ដែលជាវិនិយោគិនដំបូងមកពីបារាំង ដែលវិនិយោគលើវិស័យច្នៃម៉ូតគ្រឿងអលង្ការផងដែរ។
នេះជាសញ្ញានៃការកើនឡើងនូតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណៈរយៈពេល ២ខែដំបូងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២៦៤លានដុល្លារ កើន៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយរំពឹងទុកថា នឹងបំបែកកំណត់ត្រាជាថ្មីម្តងទៀតនូវទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២ពាន់លានដុល្លារនៅឆ្នាំនេះ។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលបច្ចុប្បន្នជាតំបន់ឧស្សាហកម្មចម្រុះនាំមុខគេនៅរាជធានីភ្នំពេញ ដែលសហគ្រាសកម្មន្តសាលចំនួន៨៥ និងសហគ្រាសមិនមែនកម្មន្តសាលចំនួន២៩ ដែលកំពុងប្រើប្រាស់បុគ្គលិក-កម្មករជាង ៤៣.០០០នាក់។
- Video Advertisement -