វៀតណាមចេញច្បាប់ថ្មី ដើម្បីពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យដល់ជនជាតិវៀតណាមនៅបរទេស
ច្បាប់ភូមិបាលថ្មីរបស់វៀតណាម ដែលទើបនឹងបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ បានពង្រីកសិទ្ធិកាន់កាប់ដីធ្លីដល់ជនជាតិវៀតណាមសញ្ជាតិបរទេសនិងពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងជួយផ្តល់កម្លាំងរុញច្រានយ៉ាងសំខាន់ដល់វិស័យអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាម Vietnamplus កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។
លោកស្រី Lieu Nguyen ឯកអគ្គរដ្ឋទូតនៃសមាគមអ្នកអចលនវត្ថុជាតិសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី បានសម្តែងសុទិដ្ឋិនិយមចំពោះកំណែទម្រង់ច្បាប់ថ្មីនេះ ដោយបញ្ជាក់ថា ច្បាប់នេះនឹងបង្កើនទំនុកចិត្តដល់ជនជាតិវៀតណាមសញ្ជាតិបរទេស និងអ្នកវិនិយោគបរទេសដែលទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីវៀតណាម។
តាមការបញ្ជាក់របស់លោកស្រី Lieu ជនជាតិវៀតណាមវ័យចំណាស់ជាច្រើនដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រាថ្នាចង់ចូលនិវត្តន៍នៅស្រុកកំណើតរបស់ពួកគេ និងចង់វិនិយោគលើអចលនទ្រព្យនៅទីនោះ។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់វៀតណាមក្នុងការណែនាំគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋាន ដែលតម្រូវតាមទីផ្សារមិនត្រឹមតែសម្រាប់ ជនជាតិវៀតណាមសញ្ជាតិបរទេស ប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុគ្គលដែលចូលនិវត្តន៍ពីសហរដ្ឋអាមេរិក និងជប៉ុនដែលកំពុងស្វែងរកលំនៅឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោកស្រី Lieu បានបន្ថែមថា “គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋានបែបនេះ គួរតែមានរួមបញ្ចូលនូវសេវាបរិក្ខារដ៏ទូលំទូលាយ រួមទាំងសេវាវេជ្ជសាស្រ្ត និងសេវាផ្គត់ផ្គង់តម្រូវការរបស់មនុស្សចាស់ផងដែរ។”
ចុងក្រោយលោកស្រី Lieu ក៏បានគូសបញ្ជាក់អំពីឥតទ្ធិពលដ៏ធំធេងនៃកំណែទម្រង់ច្បាប់ថ្មីនេះក្នុងចរន្តសេដ្ឋកិច្ច ដោយអះអាងថា វានឹងជួយជំរុញទីផ្សារអចលនទ្រព្យរបស់វៀតណាម ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។
ច្បាប់ភូមិបាលថ្មីវៀតណាមដែលបានកែប្រែ មាន ១៦ ជំពូក និង ២៦០ មាត្រា ត្រូវបានអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៥ នៃរដ្ឋសភា នីតិកាលទី ១៥ ក្នុងខែមករា ឆ្នាំ ២០២៤។ ច្បាប់នេះ គ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ លើកលែងបទប្បញ្ញត្តិជាក់លាក់មួយចំនួនដែលនឹងចូលជាធរមាននៅពេលក្រោយ៕
- Video Advertisement -