សភាពាណិជ្ជកម្មអឺរ៉ុប និងសមាគមអ្នកសាងសង់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាសំណង់ជាលើកដំបូង
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) និងសមាគមអ្នកសាងសង់កម្ពុជា (CCA) ធ្វើជាម្ចាស់ផ្ទះវេទិកាសាងសង់ជាលើកដំបូងរបស់ពួកគេក្រោមប្រធានបទនៃ “សុខភាព សុវត្ថិភាពការងារ និងសុវត្ថិភាពនៅកន្លែងកាងារ” នៅថ្ងៃទី ៦ ខែឧសភា នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra។
អ្នកចូលរួមនឹងបានស្តាប់ពីអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ លើកឡើងអំពីបទដ្ឋាន និងនីតិវិធីថ្មីចុងក្រោយបំផុត ដើម្បីគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់។ ប្រធានបទនេះនឹងត្រូវបានពិនិត្យមើលទាំងអស់គ្នា តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម និងចុងក្រោយការបើកចំហរឲ្យមានការជជែកពិភាក្សាគ្នា។ វេទិកាពាក់កណ្តាលថ្ងៃនេះ ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Bosch និងក្រុមហ៊ុនធានារ៉ាប់រង Infinity ។
យោងតាមរបៀបវារៈបណ្តោះអាសន្ន វាគ្មិនពិសេសនៅក្នុងវេទិកានេះរួមមាន ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជានិងលោក André de Jong ប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។
នៅក្នុងវេទិកានៃកិច្ចប្រជុំនេះនឹងបង្ហាញពី TÜV Rheinland and Bradley and Associates សម្រាប់គ្រូ និងអ្នកអង្កេតពិនិត្យរបស់ OHS ; ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប សម្រាប់ការសាងសង់ក្នុងស្រុក ; Archetype សម្រាប់ស្ថាបត្យករអន្តរជាតិ ; និង Lotus Green Team សម្រាប់អ្នកនៅក្នុងស្រុក និង M&E។
បន្ទាប់មក ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានឹងបំពេញបន្ថែម និងសម្របសម្រួលក្នុងកិច្ចពិភាក្សាជាក្រុម ក្នុងចំណោមអ្នកធ្វើបទបង្ហាញមុននឹងបិទវេទិកាជាផ្លូវការ។
វេទិកានេះបើកចំហចំពោះអ្នកប្រកបការងារផ្នែកឧស្សាហកម្មសំណង់ទាំងអស់ រួមមាន អ្នកម៉ៅការសាងសង់ អ្នកផ្គត់ផ្គង់ ក្រុមហ៊ុនផលិត អតិថិជន និងកម្មករនៅការដ្ឋានជាដើម។ វាត្រូវបានគេរៀបចំឡើងដើម្បីជាវេទិកាជួយខ្លួនឯង ដែលគ្រប់គ្នាអាចចូលរួមចំណែកចែករំលែកការអនុវត្តន៍ល្អៗ និងជួយជាដំបូន្មានដល់សមាជិកវេទិកាផ្សេងទៀតនៅក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់ពួកគេ។
- Video Advertisement -