សម្ដេចអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលដល់គ្រឹះស្ថានអប់រំឯកជន

សម្ដេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អំពាវ​នាវ​ឲ្យ​មានការរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាអប់រំឯកជន​ ​ដើម្បីជួយសម្រួលដល់​ម្ចាស់​គ្រឹះស្ថាន​​​​​​​​​​​​​​​​​​​​​ក្នុង​កំឡុង​វិបត្តិ​កូវីដ ១៩​នេះ។

ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​ក្នុងឱកាស ការ​អញ្ជើញរបស់សម្ដេចនាយក​រដ្ឋមន្ត្រី​ ដើម្បី​​ប្រកាសអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ​។

សម្ដេច​បាន​ថ្លែង​ថា​៖ «ធនាគារ​ជាតិ​នៃ​កម្ពុជា​ គួរតែ​ពិភាក្សាជាមួយ​ធនាគារ​ឯក​ជន​ និង​គ្រឹះស្ថាន​ធនាគារផ្សេងៗ ក្នុ​ងការ​រៀប​ចំឥណទាន​ឡើង​វិញ​។ យើង​បាន​រៀប​ចំឥណទាន​ឡើង​វិញ​ ប្រមាណ​ច្រើន​ជាង​ ១០​ ​ម៉ឺនគ្រួសារ​ ប៉ុន្តែ​សូម​ពិនិត្យលើ​ការ​រៀប​ចំឥណទាន​ឡើង​វិញ សម្រាប់​គ្រឹះស្ថាន​អប់​រំឯកជន​ផង។»

សម្ដេច​បាន​លើក​ឧទាហរណ៍ទាក់ទង​ទៅ​នឹង​ការ​ដំឡើងទំហំ​ឥណទាន​ដល់​គ្រឹះស្ថាន​ឯក​ជន​ ដែល​អាច​ជា​អត្ថប្រយោជន៍​សម្រាប់​រៀប​ចំ​កម្មវិធី​សិក្សា​អន​ឡាញ ដល់​គ្រឹះស្ថាន​មួយ​ចំនួន​ដែលមិន​ទាន់​​មាន​នៅ​ឡើយ​។

​សម្ដេច​លើក​ឡើង​ថា​៖ «ខ្ញុំ​ឧទាហរណ៍អញ្ចេះ គ្រឹស្ថាន​អប់​រំឯក​ជន​បាន​យក​ប្លង់​ដាក់​ខ្ចី​ធនាគារ​បាន​លុយ​ហើយ គាត់​អត់​មាន​ស្អីយក​ទៅ​បញ្ជាំដើម្បីទៅខ្ចី​ប្រាក់​ថែ​ម​ទៀត​ទេ​។ ឧទាហរណ៍​ថា អគារ​និង​ដីធ្លី​របស់​គាត់​តម្លៃ​ ៥​ លាន​ដុល្លា​រ គាត់ធ្លាប់​យក​ទៅបញ្ជាំ​បាន ៥០​ ម៉ឺន​យក​មក។​ ឥឡូវ​យើង​អាច​ពង្រីក​ទំហំដែល​អាច​ខ្ចី​បាន​រហូត​ដល់​ ៨០ ម៉ឺន អញ្ចឹង​គាត់​នឹង​បាន​ប្រាក់​កម្ចី​ ៣០ ម៉ឺន​ ដុល្លារ​បន្ថែម​ទៀត​។ ហើយ​គាត់​យក​មក​ធ្វើអី? គ្រឹះស្ថានសិក្សាឯកជន​មួយ​ចំនួន​មិន​ទាន់​មាន​អនឡាញ​បង្រៀន​ទេ​ ចឹង​គាត់​អា​ចយក​ទឹក​ប្រាក់​ហ្នឹង​មក​រៀប​ចំកម្មវិធី​រៀន​អន​ឡាញវិញ។»

ជា​មួយ​គ្នា​នេះ​ដែរ​ សម្ដេច​បាន​អំពាវនាវដល់ម្ចាស់អគារ ដែលជួល​ឲ្យ​គ្រឹះ​ស្ថាន​អប់​រំ​​​ទាំង​ឡាយ​ឲ្យ​​យោគ​យល់​ ទន់​ភ្លន់​​​ជាមួយ​នឹង​គ្រឹះស្ថាន​អប់​រំឯក​ជន​ ដែល​បាន​ជួល​អគារ​ ដោយ​ធ្វើ​ការ​កាត់បន្ថយ​ប្រាក់ជួលអគារ ដើម្បី​ធានា​កុំឲ្យ​គ្រឹះ​ស្ថាន​ទាំងអស់​នោះ​ខាត​​បង់​ខ្លាំង​ពេក​ក្នុង​កំឡុង​ពេល​កូវីដ នេះ​។​

កាល​ពី​ខែ​ មេសា​ កន្លងទៅ ក្រសួងអប់រំ ក៏បាន​ធ្វើ​ការ​អំពាវ​នាវ​ដូចគ្នា​នេះ​ដែរ​ ក្រោយពេលគ្រឹះស្ថានអប់រំឯកជន ចំនួន ១១៣ គ្រឹះស្ថាន ដែលបានអះអាងថា គ្រឹះស្ថានរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ និងកំពុងប្រឈមនឹងការក្ស័យធន៕ (អាន​បន្ថែម​)

- Video Advertisement -