សម្ដេច ហ៊ុនសែន៖ ព្រលានយន្តហោះពោធិ៍ចិនតុងនឹងប្តូរមុខងារ បន្ទាប់ពីព្រលានយន្តហោះថ្មីសាងសង់រួច
បន្ទាប់ពីបញ្ចប់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនៅដដែល តែអាចនឹងប្ដូរមុខងារឲ្យទៅជាព្រលានសម្រាប់យោធា ការហោះហើរក្នុងប្រទេស ដំណឹកជញ្ជូនសម្ភារៈផ្លូវអាកាស ទីធ្លាសម្រាប់យន្តហោះឯកជន (Private Jet) ចុះចត និងសម្រាប់ទទួលឥស្សរជនបរទេស មកកាន់កម្ពុជាជាដើម។
ការប្រកាសនេះធ្វើឡើង ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ។
សម្តេចបានថ្លែងថា៖ «ខ្ញុំឆ្លៀតបកស្រាយបន្តិច អាចចោទជាសំណួរថា ចុះបិទអាចាស់ហើយ? បើកអាថ្មីអញ្ចឹង អាចាស់ទុកធ្វើអី? តាមការគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវតែទុកជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វា ទី ១ ជាព្រលានយោធាកងទ័ព គឺនៅតែជាព្រលានយោធាដដែល យើងមិនអាចយកព្រលានយោធាយកមកដាក់ទីនេះទេ(ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី) គឺទុកនៅឯនោះ (ព្រលានយន្តហោះពោធិ៍ចិនតុង)។»
មុខងារទី ២ គឺប្រើប្រាស់សម្រាប់ហោះហើរក្នុងផ្ទៃប្រទេស ទៅកាន់ខេត្តសៀមរាប ព្រះសីហនុ និងព្រលានយន្តហោះពីទៀត ដែលរដ្ឋាភិបាលកំពុងតែរៀបចំគឺ ព្រលានយន្តហោះនៅ ខេត្តបាត់ដំបង និងរតនគិរី។
សម្ដេចបន្ថែមថា៖ «ទី ៣ យើងប្រើសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឯចុងក្រោយយើងប្រើសម្រាប់អាJet Flight (យន្តហោះឯកជន) ។ បានសេចក្ដីថានៅក្នុងប្រទេសយើងសម្បូរយន្តហោះច្រើនណាស់ ដែលខ្វះកន្លែងដាក់។ យើងអាចរៀបចំមូលដ្ឋាន គេអាចយកយន្តហោះមកផ្ញើនៅហ្នឹង។ ហើយសម្រាប់ការអញ្ជើញមកដល់នូវឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រីមកទស្សនកិច្ចនៅកម្ពុជា គឺចតនៅពោធិ៍ចិនតុង។ »
គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទំហំ ២.៦០០ ហិកតា តម្លៃប្រមាណ ១, ៥ ពាន់លានដុល្លារជាការវិនិយោគ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងសម្រេចបានការសាងសង់បាន ៣០% ដែលដំណាក់កាលទីមួយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ ៕ (អានបន្ថែម)
- Video Advertisement -