សិង្ហបុរីចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI
ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។
យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI, ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។
ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ដោយមានគោលដៅបង្កើនកម្លាំងពលកម្ម AI ឱ្យបានបីដងដល់ជាង ១៥០០០នាក់ នៅត្រឹមឆ្នាំ ២០២៩។ ខ្ទង់ចំណាយរបស់ថវិកាជាតិដ៏ច្រើនសន្ធឹកសម្រាប់កសាងធនធានមនុស្សនេះ បញ្ជាក់ច្បាស់ពីចក្ខុវិស័យ របស់ប្រទេសសិង្ហបុរី ក្នុងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ទេពកោសល្យក្នុងស្រុក និងបង្ហាញអំពីសមត្ថភាពប្រមើលនិងត្រៀមខ្លួនទុកជាមុនរបស់សិង្ហបុរី សម្រាប់និន្នាការវិវត្តន៍នៃសេដ្ឋកិច្ចបច្ចេកវិទ្យាថ្មីក្នុងពិភពលោក។
លើសពីនេះ ដោយទទួលស្គាល់តួនាទីសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍកម្មវិធី AI រដ្ឋាភិបាលសិង្ហបុរីគ្រោងនឹងចំណាយប្រហែល ៥០០ លានដុល្លារសិង្ហបុរី (៣៧៥លានដុល្លារអាមេរិក) សម្រាប់ការទិញ និងជួលប្រព័ន្ធដំណើរការក្រាហ្វិក (GPUs) និងបន្ទះឈីបកុំព្យូទ័រសំខាន់ៗផ្សេងទៀតពីអ្នកផ្គត់ផ្គង់ទូទាំងពិភពលោក។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងធានាថា សហគ្រាសក្នុងស្រុកមានលទ្ធភាពប្រើប្រាស់កម្មវិធីផ្នែករឹង (Hardware) របស់បច្ចេកវិទ្យាកុំព្យូទ័រដែលចាំបាច់ដើម្បីជំរុញការច្នៃប្រតិដ្ឋ AI ក្នុងប្រទេសបន្ថែមទៀត។
ទន្ទឹមនឹងការវិនិយោគលើទេពកោសល្យ និងហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្រ្ត AI របស់រដ្ឋាភិបាលសិង្ហបុរី ក៏ផ្តល់អាទិភាពដល់ការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈកម្មវិធី Infocomm Media Development Authority’s SMEs Go Digital ។ ក្នុងកម្មវិធីនេះ សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានប្រាក់ឧបត្ថម្ភ ការពិគ្រោះយោបល់ និងជំនួយផ្សេងទៀត ដើម្បីជួយសម្រួលដល់ការទទួលយកបច្ចេកវិទ្យា AI ជំរុញការប្រកួតប្រជែង និងកំណើននៅក្នុងសេដ្ឋកិច្ចឌីជីថល។
ជាងនេះទៅទៀត សិង្ហបុរីកំពុងដឹកនាំអាជីវកម្មយ៉ាងសកម្មតាមរយៈការផ្លាស់ប្តូរឌីជីថល ជាមួយនឹងផែនទីបង្ហាញផ្លូវឌីជីថលនីយកម្មតាមវិស័យដ៏ទូលំទូលាយ។ ផែនការដែលសម្រិតសម្រាំងសម្រាប់វិស័យចំនួន ២២ រាប់ចាប់ពីសេវាម្ហូបអាហារ រហូតដល់ផ្នែកភស្តុភារ ផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់ការប្រើប្រាស់ AI និងឧបករណ៍ឌីជីថលផ្សេងទៀត ជូនដល់វិស័យឯកជន ជាពិសេសសម្រាប់ពន្លកអាជីវកម្មក្នុងស្រុក។ គួរកត់សម្គាល់ថា គំនិតផ្តួចផ្តើមដូចជាកម្មវិធី Generative AI X Digital Leaders បានប្រមូលផ្តុំអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីបង្កើតដំណោះស្រាយ AI ទំនើបៗ ដែលបង្កើនល្បឿនការបង្កើតថ្មីក្នុងស្រុកបន្ថែមទៀត។
ត្រឹមតែក្នុងឆ្នាំ ២០២៣ មួយ មានសហគ្រាសធុនតូច និងមធ្យមជាង ៣០០០ បានទទួលយកឧបករណ៍ដែលជំរុញដោយកម្មវិធី AI ពីបញ្ជីឈ្មោះកម្មវិធីដែលរៀបចំជូនដោយរដ្ឋនេះ ដែលតួលេខនេះ គូសបញ្ជាក់ពីការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។
តាមរយៈការជំរុញកិច្ចសហការ និងការចែករំលែកចំណេះដឹងក្នុងចំណោមអ្នកដឹកនាំឧស្សាហកម្មបច្ចេកវិទ្យា AI នេះ ផែនការជាតិរបស់សិង្ហបុរី ដែលអាចរាប់បានថាជាគំរូសម្រាប់ប្រទេសផ្សេងទៀតនេះ ពិតជានឹងជំរុញឱ្យមានការជឿនលឿនជាបន្តបន្ទាប់នៅក្នុងលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់គ្រប់ស្រទាប់សង្គមនិងសេដ្ឋកិច្ច ដែលនឹងជំរុញឱ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសនាំមុខគេលើពិភពលោកក្នុងអនាគតនៃពិភពលោកថ្មីមួយ ដែលគាំទ្រដោយសេដ្ឋកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕
- Video Advertisement -