សូមបង្កើនការប្រុងប្រយ័ត្ន ខណៈមានក្រុមតេលេក្រាមក្លែងក្លាយកាន់តែច្រើនបង្កើតឡើងដើម្បីឆបោក!

មួយរយៈនេះ គេសង្កេតឃើញថាមានជនអនាមិកបានបង្កើតក្រុមតេលេក្រាម (Telegram Group) ក្លែងក្លាយ​កាន់តែច្រើនឡើងៗ​ដោយយកឈ្មោះក្រុមហ៊ុនល្បីៗជាច្រើន​ រួមទាំង Logo និងរូបភាពផ្សេងៗទៅប្រើប្រាស់ក្នុងរូបភាពឆបោកថាជាការវិនិយោគ ហើយទទួលបានប្រាក់ចំណេញមកវិញយ៉ាងងាយស្រួល។

ក្នុងនោះដែរ ក្រុមតេលេក្រាមទាំងនោះថែមទាំងហ៊ានយករូបភាព និងឈ្មោះបុគ្គលល្បីទាំងក្នុងជួររដ្ឋាភិបាល និងវិស័យជំនួញមកប្រើជាគណនី Admin របស់ក្រុមទាំងនោះដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រលំ ឬទុកចិត្តថាជាក្រុមតេលេក្រាមផ្លូវការរបស់ក្រុមហ៊ុន ហើយមានអ្នកខ្លះបានលង់ខ្លួនចូលរួមវិនិយោគ ចាញ់បោកពួកជនទាំងនោះថែមទៀតផង។

ក្រុមតេលេក្រាមក្លែងក្លាយទាំងនោះត្រូវបានគេមើលឃើញថាបានបង្កើតដោយប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ក្រុមហ៊ុន ឬស្ថាប័នល្បីៗដូចជា ក្រុមហ៊ុន Royal Group, ក្រុមហ៊ុន Borey Peng Huoth, ធនាគារជាតិ, និង​ធនាគារកាណាឌីយ៉ា ជាដើម ដែលសង្កេតឃើញថាមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ គ្រប់ក្រុមហ៊ុន ស្ថាប័ន ដែលត្រូវបានក្រុមជនឆបោកយកឈ្មោះ Logo និងរូបភាពទៅប្រើនោះសុទ្ធតែបានចេញសេចក្ដីប្រកាសជាផ្លូវការអំពីករណីឆបោកទាំងនេះ និងបានបញ្ជាក់អំពីបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់ខ្លួន ដោយទទូចឱ្យសាធារណជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងការខាតបង់ដោយប្រការណាមួយ។

តួយ៉ាង ក្រុមហ៊ុន បុរី ប៉េង ហួត បានចេញសេចក្ដីប្រកាសជាផ្លូវការភ្លាមៗក្រោយពីបានឃើញការប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ខ្លួនដោយគ្មានការអនុញ្ញាតិ និងខុសច្បាប់ ដោយក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុន បុរី ប៉េង ហួត មិនមានការបើកវិនិយោគជាមួយអតិថិជនដោយការដាក់ប្រាក់ហើយទទួលបានប្រាក់ចំណេញមកវិញនោះឡើយ។ ករណីនេះ ក្រុមហ៊ុនបានជូនដំណឹងទៅកាន់អតិថិជនទាំងអស់តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនរួចហើយ និងបានសុំឱ្យអតិថិជនមេត្តាផ្ទៀងផ្ទាត់ចំពោះបណ្ដាញសង្គមទាំងនោះ ខ្លាចប៉ះចំក្រុមជនបោកប្រាស់ធ្វើឱ្យខូចខាតប្រយោជន៍របស់អតិថិជន។

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខាងលើក៏បានបន្ថែមថា ក្នុងករណីអតិថិជនមានការសង្ស័យ ឬចង់ដឹងព័ត៌មានលម្អិតអំពីក្រុមហ៊ុនផ្ទាល់ សូមទាក់ទងទៅបណ្ដាញសង្គមផ្លូវការទាំងអស់របស់ក្រុមហ៊ុនដែលទំព័រហ្វេសប៊ុក និងតេលេក្រាម មានសញ្ញា √ ឬទាក់ទងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬអញ្ជើញទៅកាន់ការិយាល័យលក់ផ្ទាល់តែម្ដង ដែលមាន ៤ទីតាំង គឺនៅគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (ច្បារអំពៅ), នៅគម្រោង ដឹស្តា ដាយមិន (ផ្លូវ ៦០ម៉), នៅគម្រោង ដឹស្តា មេរាហ្កាដិន (ផ្លូវ ៥០ម៉) និងគម្រោង ដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦អា)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]

ទិញផ្ទះនៅបុរី ប៉េង ហួត បានកាន់តែឆាប់ ជាមួយឥណទានដ៏ពិសេសមិនធ្លាប់មានពីធនាគារចិន

នាព្រឹកថ្ងៃទី 28 ខែមីនា ឆ្នាំ 2026 ទីតាំងផ្ទះវីឡាព្រីនស […]