ស្ថាប័នរដ្ឋ ៤ រួមគ្នាប្រមូលទំនិញក្លែងក្លាយទៅទុកនៅទីលានចាក់សំរាមឱ្យត្រូវតាមបច្ចេកទេស

ស្ថាប័នរដ្ឋចំនួន ០៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីប្រមូលទំនិញក្លែងក្លាយ យកទៅទុក​ដាក់​នៅទីលានចាក់សំរាមឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

អនុស្សារណៈនេះ ត្រូវបានធ្វើឡើងដោយសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ដែលបានពិនិត្យឃើញថា  ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បានចាប់ និងរឹបអូសទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ទំនិញផុតរយៈពេលប្រើប្រាស់ និងសំណល់សាច់សត្វ ផលិតផលសាច់សត្វខូចគុណភាពគ្រប់ប្រភេទ  យកទៅរក្សាទុកនៅទីកន្លែងពុំមានសុវត្ថិភាព ឬដុតចោល ដែលជាហេតុបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់បរិស្ថាន។

ហេតុនេះ ស្ថាប័នទាំង ០៤ រួមមាន សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង   (ស.ទ.ស.) នៃក្រសួងបរិស្ថាន ជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ  (ក.ប.ប.)  នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.)  នៃក្រសួងមហាផ្ទៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅការប្រមូលយកទំនិញក្លែងក្លាយទាំងអស់ ទុកដាក់ឱ្យបានសមស្របតាមបច្ចេកទេស។

បន្ថែមពីនេះ អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖

១) ស.ទ.ស. សហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក្នុងការប្រមូល ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ ដែលរឹបអូសបានយកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន

២) ស.ទ.ស. សហប្រតិបត្តិការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ស្ដីពីការដឹកជញ្ជូនទំនិញក្លែងក្លាយ និងទំនិញផុតរយៈពេលប្រើប្រាស់ ដែលរឹបអូសបាន យកទៅទុកដាក់នៅទីលានទុកដាក់ សំរាម សំណល់រឹង

៣) ស.ទ.ស. សហប្រតិបត្តិការជាមួយ  អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (អ ស ផ ស) ស្ដីពីការ​ដឹកជញ្ជូនសាកសពសត្វ សំណល់សាច់សត្វ និងផលិតផលសាច់សត្វគ្រប់ប្រភេទ ដែលរឹបអូសបាន ដើម្បី​​យកទៅទុកដាក់នៅទីលានទុកដាក់សំរាម សំណល់រឹង។

ក្រៅពីនេះ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបរិស្ថាន បានចាប់ផ្ដើមសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នា​ត​តំបន់មួយដែលមានបទដ្ឋានលក្ខណៈបច្ចេកទេសត្រឹមត្រូវស្ថិតនៅផ្លូវជាតិលេខ៥១ នៃស្ថានីយស្តារ និងផ្សព្វ​ផ្សា​យ​​ព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាទីលានបម្រើឱ្យក្រុងភ្នំពេញ និងតាមបណ្ដាក្រុ​ង​ ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ព្រមទាំងទីលានដែលបានសាងសង់រួចហើយមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង  ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង  ខេត្តកំពង់ធំ ខេត្តស្វាយរៀង….។ល។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអនុញ្ញាត ស.ទ.ស. រៀបចំចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលចាប់ និងរឹបអូសទំនិញខូចគុណភាព ហើយយកទៅទុកដាក់នៅទីលាន ដោយសហការជាមួយមន្ទី​រ​បរិស្ថាន ឬអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាខេត្ត ក្រុង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]