ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ
ស្ថានបេតុងថ្មី២កន្លែង ដែលមានប្រវែងសរុប១៨០ម៉ែត្រ ទទឹង២៨,៥ម៉ែត្រ ដែលគ្រោងចំណាយ ៥លានដុល្លារ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។
នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតេយ្យភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
គម្រោងនេះ ស្ថាបនាឡើងដើម្បីសម្រួលចរាចរណ៍ និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត។
គួរបញ្ជាក់ថា គម្រោងស្ពានទី១ មានប្រវែង២០ម៉ែត្រគុណ២៨,៥ម៉ែត្រ និងស្ពានទី២ មានប្រវែង១៦០ម៉ែត្រគុណ ២៨,៥ម៉ែត្រ ដោយប្រើប្រាស់ពេលវេលាសាងសង់ចំនួន ២៤ខែ។
ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងថា ក្រោយបញ្ចប់ការសាងសង់ ស្ពានទាំងពីរនេះ នឹងតភ្ជាប់តួមហាវិថីអ្នកឧកញ៉មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូលដែលជាផ្លូវយុទ្ធសាស្ត្រ តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ ដែលនឹងធ្វើឱ្យទីក្រុង កាន់តែមានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយថ្លៃដើម នៃការចំណាយលើការដឹកជញ្ជូនផលិតផល និងសេវាកម្មនានា កាន់តែប្រសើរឡើង។
ស្ពានទាំងពីរស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ដែលរាជរដ្ឋាភិបាលបានសម្រេចកែលម្អតំបន់នេះ ជាទីក្រុងរណបថ្មី សំដៅបង្កើននូវសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច ឱ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។
ផ្អែកតាមប្លង់មេនៃគម្រោង តំបន់នេះ ត្រូវស្ថាបនាមហាវិថីចំនួន ៣ខ្សែ រូមមាន (ខ្សែទី១) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ខ្សែទី២) មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង និង (ខ្សែទី៣) មហាវិថីកាត់ទទឹងទី២ ព្រមទាំងត្រូវ ស្ថាបនាផ្លូវមេចំនួន ៦១ខ្សែ និងបំពាក់ភ្ជាប់នូវបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ខ្សែកាបអុបទិច ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកសំអុយ រក្សាទុកអាងស្តុកទឹក អាងប្រព្រឹត្តិកម្មទឹកកខ្វក់ លើកកម្ពស់ដីរូបសាស្ត្រកំណត់តំបន់បៃតង រៀបចំប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន និងសំណង់ សិល្បការជាច្រើនទៀត។
ថ្មីៗនេះដែរ មានអ្នកជំនាញជនជាតិអាល្លឺម៉ង់ បានមកជួយរៀបចំយុទ្ធសាស្ត្រជាដំណាក់កាលដំបូង ៦ចំណុចសំខាន់ៗ ដើម្បីប្រែក្លាយខណ្ឌច្បារអំពៅជាតំបន់លំនៅឋានបៃតងគំរូក្នុងទីក្រុងភ្នំពេញ គឺ«គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» (អានបន្ថែម)
បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងឡើងជាបណ្តើរៗ មានទាំងគម្រោងអគារពាណិជ្ជកម្ម-ខុនដូរ ប្រណីត អគារតាំងបង្ហាញរថយន្តប្រណិត សាលាអន្តរជាតិ ISPP បុរី Town បុរី ជីបម៉ុង បុរី ប៉េងហូត គម្រោងផ្សារ ទំនើបជីបម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើប PH Diamond Place និង គម្រោងផ្សារទំនើបអីអនទី៣ ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។




- Video Advertisement -