អគ្គលេខាធិការអាស៊ាន ប្តេជ្ញាជួយជំរុញវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតលើសកម្មភាពសំខាន់ចំនួន៥
អគ្គលេខាធិការអាស៊ាន បានទទួលយកសំណើររបស់ក្រសួងទេសចរណ៍ ដោយជួយជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា ដោយផ្តោតលើសកម្មភាពសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់គុណភាពទេសចរណ៍នៅក្នុងតំបន់។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៥។
នាជំនួបនោះ ក្រសួងទេសចរណ៍ និងអគ្គលេខាធិការអាស៊ាន បានរួមផ្តោតពិភាក្សាគ្នាលើតួនាទី និងការចូលរួមរបស់កម្ពុជានៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានដែលសម្រេចបាននាពេលកន្លងមក ការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព ការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍ និងការបង្កើនគុណភាពទេសចរណ៍នៅក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តបតាមការស្នើសុំរបស់កម្ពុជា លេខាធិការដ្ឋានអាស៊ាន ថានឹងបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រកម្ពុជាលើគំនិតផ្តួចផ្តើមមួយចំនួនដូចជា ការរៀបចំគោលការណ៍ណែនាំអាស៊ានពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍, ធុរកិច្ចទេសចរណ៍បៃតង, មូលនិធិទេសចរណ៍បៃតងអាស៊ាន, គោលការណ៍ណែនាំអនាម័យនិងសុវត្ថិភាព និងជំរុញកិច្ចសហការជាមួយដៃគូរអាស៊ានក្នុងការលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទទួលខុសត្រូវជាដើម។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិរហូតដល់ជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៕ (អានបន្ថែម)
- Video Advertisement -