អាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង

អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​សម្រេចធ្វើការផាកពិន័យ​អ្នកលេង​បណ្តាញ​សង្គម​តិកតុក (TikTok) ម្នាក់ជនជាតិ​វៀតណាម ឈ្មោះ ហ៊ួ គុក អា​ញ ​(Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥​ លាន​ដុង (៣០៦​ ដុល្លារ​) ពីបទ​បង្ខូចកិត្តិយសប្រទេសកម្ពុជា​ និងប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជាថា​ ជា​របស់​ប្រទេស​ថៃ​។ នេះ​បើយោងតាម​ការរាយការណ៍រ​បស់​សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីសម្រេចពីការផាកពិន័យ​ដែល​អាជ្ញាធរវៀតណាមបានប្រកាស​កាលពី​ថ្ងៃ​ពុធ ក៏បាន​ព្រមានផងដែរ កុំឱ្យ​តារា​តិកតុក​រូបនេះ​បង្កើត​បញ្ហា​ដដែលៗ​ទៀត ហើយ​​ត្រូវគោរព​តាមច្បាប់​វៀតណាម ស្ដីពី​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ដែល​ពេញនិយម​ ប្រកបដោយការទទួលខុសត្រូវ​ និងក្រមសីលធម៌។

គួររំលឹកថា កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែល​ទើប​កន្លងផុតទៅ ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អា​ញនេះ បាន​បង្ហោះ​វីដេអូ​មួយប្រវែង ១,២៥នាទី ដែលមានខ្លឹមសារមាតិកាអំពីប្រាសាទអង្គរវត្ត ប៉ុន្តែមានបង្ហាញរូបវីដេអូស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណីថៃនិង​កាន់ដំបង​ ១ ​ដើរ​ជុំវិញ​ប្រាសាទអង្គរវត្ត ព្រមទាំងមានរំលេចរូបភាពទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្តេចថៃ និងមានរំលេចសារជាសំឡងថា “សួស្តីប្រទេសថៃ” ​នៅលើ​គណនី​តិកតុក​រប​ស់​ខ្លួន ដែលមាន​អ្នកតាមដាន​ជាង ៧០​ម៉ឺន​នាក់​។

មាតិកាវីដេអូ​នេះ បាន​បណ្តាលឱ្យ​ផ្ទុះប្រតិកម្មរិះគន់​យ៉ាងខ្លាំង​ក្លា ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ អាជ្ញាធរអប្សរា ​បាន​លើក​ឡើង​ថា វីដេអូ​របស់លោក Hua QuocAnh បង្ក​ការ​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្បត្តិ​ វប្បធម៌ និង​បេតិកភណ្ឌ​របស់​កម្ពុជា ហើយ​បាន​ស្នើឱ្យ​ក្រុម​ហ៊ុន​តិកតុក​បិទ​វីដេអូ​នោះ​ចោល ហើយ​ក្រោយមក វីដេអូ​នោះ​ក៏ត្រូវ​បាន​លុបចេញ​វិញ​។

វីដេអូដែល (ជនជាតិវៀតណាម) ឈ្មោះ អាញ់ បានផលិតឡើងនៅឯប្រាសាទអង្គរវត្ត មានផលប៉ះពាល់ជាអវិជ្ជមានខ្លាំង ដល់រូបភាពផ្នែកទេសចរណ៍របស់កម្ពុជា នេះជាប្រសាសន៍របស់លោក ប្រាក់ ចាន់ដា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍របស់កម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេធាវីជនជាតិវៀតណាមម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងហាណូយធ្លាប់បានលើកឡើងកាលពីខែវិច្ឆិកាថា សកម្មភាពរបស់អ្នកលេងតិកតុកនេះ បានប្រព្រឹត្តឡើងនៅលើទឹកដីកម្ពុជា ដូច្នេះការដោះស្រាយបញ្ហាផ្លូវច្បាប់ត្រូវស្ថិតក្រោមដែនសមត្ថកិច្ចរបស់ច្បាប់កម្ពុជា។ ទោះជាយ៉ាងណាក្តី រហូតមកទល់ថ្ងៃព្រហស្បត្តិ៍ទី ០៤ ខែមករា ឆ្នាំ ២០២៤នេះ ក្រសួងព័ត៌មានវៀតណាមទើបនឹងបានចុះផ្សាយថា ចុងក្រោយអាជ្ញាធរក្រុងហូជីមិញ បានសម្រេចផាកពិន័យចារីខាងលើ នូវទឹកប្រាក់ ៣០០ដុល្លារ ព្រមជាមួយនឹងការព្រមានបន្ថែមទៀត។

​ជាវិធានការ​ឆ្លើយតបពីខាងភាគិកម្ពុជា ក្រសួងទេសចរណ៍​កម្ពុជាធ្លាប់បានឆ្លើយតបទៅសារៈព័ត៌មានវៀតណាម VnExpress ថា ក្រសួង​បាន​ពិចារណា​ហាមឃាត់​មិនអនុញ្ញាតឱ្យ​ឈ្មោះ អាញ់ ជាន់​ទឹកដី​កម្ពុជា​ចាប់ពី ​៥ ទៅ​ ១០ ​ឆ្នាំ​។

ជុំវិញភាពចម្រូងចម្រាស់នេះ នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំទ្វីបអាស៊ី លោក Phil Robertson បានប្រាប់សារៈព័ត៌មាន Nikkei Asia កាលពីថ្ងៃទី ០៤ ខែមករានេះថា “នេះ គឺជារឿងគួរឱ្យអស់សំណើចបំផុត” ដោយលោកបានបន្ថែមថា រដ្ឋការក្រុងហាណូយ គួរពិចារណាគ្រប់គ្រងសេរីភាពការបញ្ចេញមតិរបស់ពលរដ្ឋខ្លួនឱ្យបានល្អ ជាជាងព្រួយបារម្ភអំពីការធ្វើឱ្យខូចកិត្តិយសទីក្រុងភ្នំពេញ។

ជុំវិញបញ្ហាប្រាសាទអង្គរវត្ត កន្លងមកធ្លាប់មានប្រជាជនថៃមួយចំនួន បានអះអាងយ៉ាងចម្រូងចម្រាសថា ប្រាសាទអង្គរវត្តជាកម្មសិទ្ធិរបស់ប្រទេសថៃ មិនមែនរបស់ប្រទេសកម្ពុជាទេ។ បញ្ហានេះជាជម្លោះដ៏រ៉ាំរ៉ៃរវាងប្រជាជាតិទាំងពីរ បើទោះជាសហគមន៍អន្តរជាតិជាទូទៅ តែងតែទទួលស្គាល់អច្ឆិយវត្តុមានតែមួយគត់លើលោកនេះ ថាជាស្នាដៃតែមួយគត់របស់ប្រជាជនកម្ពុជាយ៉ាងណាក៏ដោយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]

ជប៉ុន​ជួយជំរុញ​ការ​អភិវឌ្ឍសង្គមនិង​សេដ្ឋកិច្ចកម្ពុជា តាមរយៈកញ្ចប់​ជំនួយ​ជិត ​៣​លាន​ដុល្លារ

ក្នុង​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ការ​អ […]

ត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង​ ៦ពាន់ស្ថាប័ន

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ  និងបណ្តុះ […]

វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ

​វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិត […]

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អ […]