អារ៉ាប់គ្រោងដាក់ដំណើរការសេវាតាក់ស៊ីហោះ (ឡានហោះ) នៅដើមឆ្នាំ២០២៥
ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម (UAE) ជាប់កេរ្តិ៍ឈ្មោះជា “ទីក្រុងនៃអនាគត” ក្នុងន័យថាជាទីក្រុងឈានមុខគេលើវិស័យច្នៃប្រតិដ្ឋនិងប្រណីតភាពបច្ចេកវិទ្យា។ ឥឡូវនេះ ទីក្រុងនៃអនាគតដ៏រុងរឿងនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ឱ្យដំណើរការថយន្តហោះ (តាក់ស៊ីហោះ) ដំបូងបង្អស់របស់ពិភពលោក នេះបើយោងតាម startupdxb ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនតាក់ស៊ីហោះលើអាកាស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសភាពជាដៃគូជាមួយរដ្ឋាភិបាលទីក្រុងឌូបៃដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីតាមផ្លូវអាកាស នៅក្នុងទីក្រុងនេះ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ២០២៦ ជាមួយនឹងលទ្ធភាពនៃប្រតិបត្តិការដំបូងចាប់ផ្តើមនៅដើមឆ្នាំក្រោយ(២០២៥)។
យានយន្តប្រភេទអាចហោះហើរបានទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកបើកតាក់ស៊ីហហោះ និងអ្នកដំណើររហូតដល់ ៤នាក់ ដែលមានល្បឿនរហូតដល់ ២០០ម៉ាយ (ប្រហែល ៣២១គម) ក្នុងមួយម៉ោង។ នេះមានន័យថា អ្នកដំណើរអាចធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃទៅកាន់តំបន់ Palm Jumeirah ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដែលផ្ទុយស្រឡះពីការធ្វើដំណើរតាមរថយន្តរយៈពេល ៤៥នាទីនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន Joby បានកំណត់ទីតាំងជាច្រើនសម្រាប់ដំឡើងស្ថានីយហោះហើរ និងចុះចត រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB), Palm Jumeirah, Dubai Marina និងទីក្រុងឌូបៃ។
ការដាក់ឱ្យប្រើប្រាស់របៀបដឹកជញ្ជូនបែបនេះ គឺត្រៀមខ្លួនជាស្រេចដើម្បីធ្វើបដិវត្តភាពចល័តក្នុងទីក្រុង ជាពិសេសនៅក្នុងតំបន់ដែលញាំញីដោយការកកស្ទះចរាចរណ៍។ តាមរយៈការផ្តល់ជូននូវជម្រើសដ៏លឿនបំផុតសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក តាក់ស៊ីហោះតាមផ្លូវអាកាសរបស់ក្រុមហ៊ុន Joby អាចកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន និងកាត់បន្ថយការកកស្ទះនៅលើដងផ្លូវបានស្ទើរតែទាំងស្រុងថែមទៀតផង។
ជាងនេះទៅទៀត ការមកដល់នៃវត្តមានតាក់ស៊ីតាមផ្លូវអាកាស ទទួលបានសក្ដានុពលសម្រាប់អត្ថប្រយោជន៍បរិស្ថាន ជាពិសេសប្រសិនបើយានជំនិះហោះទាំងនេះ ត្រូវបានផលិតឡើងឱ្យដំណើរការដោយប្រើថាមពលអគ្គិសនី ក៏ដូចជាការបង្កើនភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរផងដែរ។
ភាពច្នៃប្រតិដ្ឋថ្មីនៃតាក់ស៊ីតាមផ្លូវអាកាសតំណាងឱ្យជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការផ្លាស់ប្តូរការដឹកជញ្ជូនក្នុងទីក្រុង ដោយផ្តល់នូវរបៀបធ្វើដំណើរលឿនជាងមុន មានប្រសិទ្ធភាពជាងមុន និងមានសក្តានុពលជាងក្នុងការធ្វើដំណើរប្រកបដោយនិរន្តរភាព និងភាពស៊ីវិល័យសម្រាប់ពិភពលោក៕
- Video Advertisement -