ឥណ្ឌូណេស៊ី សម្រេចវិនិយោគជិត $៣ពាន់លានទៀត ដើម្បីបញ្ចប់ដំណាក់កាលទី២ នៃការអភិវឌ្ឍន៍រាជធានីថ្មីរបស់ខ្លួន!
រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងចំណាយទឹកប្រាក់បន្ថែមចំនួន ៤៨,៨ពាន់ពាន់លាន IDR (ប្រហែល ២,៩៩ពាន់លានដុល្លារអាមរិក) ដើម្បីបន្តការអភិវឌ្ឍន៍រាជធានីថ្មី (IKN) របស់ខ្លួនក្នុងដំណាក់កាលទីពីរ ដែលមានរយៈពេលពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ យោងតាម Vietnam Plus បានរាយការណ៍ពីព័ត៌មាននេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ក្នុងដំណាក់កាលដំបូង (ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) រដ្ឋាភិបាលឥណ្ឌូនេស៊ីបានវិនិយោគទឹកប្រាក់អស់ចំនួន ៨៩ពាន់ពាន់លាន IDR ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងថ្មីនេះ។
យោងតាមលោក Basuki Hadimuljono ប្រធានអាជ្ញាធរមូលធន Nusantara (OIKN) មូលនិធិសម្រាប់ដំណាក់កាលទីពីរនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីបញ្ចប់គម្រោងសាងសង់សំខាន់ៗ រួមមានកន្លែងរក្សាទុកនូវប្រព័ន្ធអេកូឡូស៊ី ការិយាល័យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងប្រព័ន្ធតុលាការ។
លោក Basuki ក៏បានសង្កត់ធ្ងន់ទៀតថា ៤៨,៨ ពាន់ពាន់លានIDR នេះ នឹងត្រូវ បែងចែកជាចាំបាច់សម្រាប់ដំណាក់កាលទីពីរ ដើម្បីបញ្ចប់ការសាងសង់អគារនីតិប្បញ្ញត្តិ តុលាការ និងកន្លែងភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀត។
ថវិកានេះក៏នឹងត្រូវគ្របដណ្តប់លើការចំណាយមួយចំនួនទៀតដូចជា ការថែរក្សា និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនានាក្នុងដំណាក់កាលប្រតិបត្តិការផងដែរ។
លើសពីនេះទៀត អាជ្ញាធររាជធានី Nusantara ក៏កំពុងជំរុញការអនុវត្តកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន (PPP) ដែលមានតម្លៃ ៦៩,៩៣ពាន់ពាន់លាន IDR ដោយរួមបញ្ចូលទាំងការសាងសង់គម្រោងផ្លូវថ្មីចំនួន៦ទៀត ជាពិសេសផ្លូវរូងក្រោមដីពហុបំណង ដែលមានប្រវែង ១៣៨,៦គីឡូម៉ែត្រ មានទីតាំងនៅចំកណ្ដាលនៃតំបន់រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងគម្រោងវិនិយោគមួយចំនួនទៀត។
លោក Basuki ក៏បានប្រាប់ទៀតថា លោកកំពុងសិក្សាគម្រោងសាងសង់អគារអាផាតមិនចំនួន ៩៧អគារ និងផ្ទះល្វែងចំនួន ១២៩បន្ថែមទៀត។ លើសពីនេះ កម្មវិធី PPP នឹងគ្របដណ្តប់លើគម្រោងអភិវឌ្ឍន៍សណ្ឋាគារ លំនៅដ្ឋាន ការលក់រាយ និងការិយាល័យដែលមានតម្លៃសរុប ៦,៤៩ពាន់ពាន់លានIDR ។ សំណើសំខាន់ៗទាំងនេះនឹងត្រូវដាក់ជូនប្រធានាធិបតីឥណ្ឌូណេស៊ីក្នុងពេលឆាប់ៗខាងមុខនេះដើម្បីអនុម័ត។
- Video Advertisement -