១ឆ្នាំ រដ្ឋឥណ្ឌូនេស៊ី ស្រូបទុនពីបរទេសបាន $១២៣លាន តាមរយៈយុទ្ធសាស្រ្តផ្តល់ “ទិដ្ឋាការមាស”
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញជាផ្លូវការនូវគោលការណ៍ថ្មី ដោយផ្តល់ “ទិដ្ឋាការមាស” ដល់វិនិយោគិនបរទេស និងអ្នកជំនួញបរទេសដែលមានបំណង់ចង់មកស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល ៥ ទៅ ១០ឆ្នាំ។
គោលការណ៍ថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការ ក្រោយរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានជោគជ័យលើការដាក់ឱ្យសាកល្បងរយៈពេញ១ឆ្នាំដំបូង ដោយរដ្ឋាភិបាលស្រូបទុនពីបរទេសបានប្រមាណ ១២៣លានដុល្លារ តាមរយៈយុទ្ធសាស្រ្តថ្មីមួយនេះ។
នេះបើយោងតាមការចុះផ្សាយរបស់ nikkeiasia នៅថ្ងៃទី២៥ កក្កដា ២០២៤។
បើតាមការបញ្ជាក់របស់ លោក Silmy Karim ប្រធានផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមសាកល្បងទិដ្ឋាការមាសនេះ តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ ដោយបានចេញលិខិតអនុញ្ញាតបែបនេះដល់បេក្ខជនបានជិត ៣០០នាក់ និងទាក់ទាញទុនបានប្រមាណ ១២៣លានដុល្លារ ឯណោះ។
លោក Karim បានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្តេជ្ញានឹងចេញទិដ្ឋាការមាសនេះ ឱ្យបាន ១,០០០ មុនដំណាច់ឆ្នាំនេះ។
យ៉ាងណាមិន លោក Karim ក៏បានសង្កត់ធ្ងន់ទៀតថា ទិដ្ឋាការថ្មីនេះ នឹងបើកឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ឧទាហរណ៍ “ក្រុមហ៊ុនរុករករ៉ែ ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះក្រុមហ៊ុនអាចស្នើសុំ ទិដ្ឋាការមាសនេះ សម្រាប់ពលករបរទេសរបស់ពួកគេបានផងដែរ” ។
គួររំលឹកថា នាយកប្រតិបត្តិ OpenAI លោក Samuel Altman គឺជាបុគ្គលដំបូងដែល ទទួលបានទិដ្ឋាការមាស ពីប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា ដើម្បីទទួលបានប្រភេទ ទិដ្ឋាការមាស ពីប្រទេសឥណ្ឌូនេស៊ី គឺតម្រូវឱ្យគោរពតាមលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
១_ សម្រាប់ទិដ្ឋាការរយៈពេល៥ឆ្នាំ ពួកគេអាចវិនិយោគ ២.៥លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឬ ៥លានដុល្លារ សម្រាប់ទិដ្ឋាការរយៈពេល ១០ ឆ្នាំ។
២_ ក្រៅពីការវិនិយោគ ពួកគេក៏អាចទិញទិដ្ឋាការរយៈពេល ៥ឆ្នាំបាន ដោយគ្រាន់តែដាក់ប្រាក់កក់ចំនួន ៣៥០,០០០ដុល្លារ នៅក្នុងធនាគាររបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ឬ ៧០០,០០០ដុល្លារ សម្រាប់ទិញទិដ្ឋាការរយៈពេល១០ឆ្នាំ។
ចំពោះប្រាក់បញ្ញើ ឬប្រាក់កក់ខាងលើនេះ ពួកគេអាចប្រើវានៅពេលក្រោយ ដើម្បីទិញមូលបត្របំណុលរបស់រដ្ឋាភិបាល ឬភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី។
៣_រីឯទិដ្ឋាការមាសមួយប្រភេទទៀត ដែលនឹងអនុញ្ញាតឱ្យស្នាក់នៅបានរយៈពេល ៥ឆ្នាំផងដែរនោះគឺ ប្រសិនបើពួកគេដាក់ប្រាក់ ១៣០,០០០ដុល្លារ នៅធនាគាររបស់រដ្ឋ ដើម្បីទិញអាផាតមិន ដែលមានតម្លៃចាប់ពី ១លានដុល្លារ ឬច្រើនជាងនេះក៏បាន។
៤_ ចំពោះប្រភេទជាក្រុមហ៊ុនក៏អាចទទួលបាន ទិដ្ឋាការមាស ដែរ នោះគឺនាយកក្រុមហ៊ុនត្រូវវិនិយោគ ២៥លានដុល្លារ សម្រាប់ការស្នាក់នៅរយៈពេល ៥ឆ្នាំ និង ៥០លានដុល្លារ សម្រាប់ការស្នាក់នៅរយៈពេល១០ឆ្នាំ។
- Video Advertisement -